(កំពង់ចាម)៖ រង្វង់មូលភ្ជាប់ដោយរូបសំណាកភ្នំប្រុសភ្នំស្រី ដែលជានិមិត្តរូប នៃខេត្តកំពង់ចាម ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ត្រូវបានបើកសម្ពោធ​ដាក់បង្ហាញជូនអ្នក​ដំណើរឆ្លង​កាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងនៅតំបន់នោះហើយ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីបញ្ចប់ការសាងសង់។

ពិធីសម្ពោធរង្វង់មូលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីក្នុងខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត។

លោកអភិបាលខេត្តបានថ្លែងថា រង្វង់មូលនេះ គឺជារង្វង់មូលធំជាងគេបំផុត ក្នុងខេត្តកំពង់ចាម ហើយត្រូវបានកសាងឡើងដោយផ្អែកតាមរយៈប្រវត្តិរឿងព្រេងខ្មែរ ប្រុសចូលស្តីដណ្តឹងស្រី ដែលកើតមានកាលពីយូរលង់ណាស់មកហើយ ហើយត្រូវបានអនុវត្តរហូតដល់សព្វថ្ងៃ។

លោក លន់ លឹមថៃ បន្តថា លក្ខណៈពិសេសមួយ នៃរង្វង់មូលនេះ គឺនៅជុំវិញផ្នែកខាងក្រោម នៃរង្វង់មូល មានចម្លាក់ក្បាច់បូរាណខ្មែរស្តីពីរូបភាព នៃផលិតផល និង សក្តានុពលរបស់ក្រុង ស្រុកនីមួយៗ នៃក្រុង-ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម។

លោកអភិបាល បានបន្ថែមថា រូបសំណាក នៃរង្វង់មូលនេះ មានន័យមិនត្រឹមតែជារង្វង់នោះទេ វាគឺជានិមិត្តរូប នៃមហិច្ឆតាដ៏ធំរបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ និង ការងារសង្គមកិច្ចផ្សេងៗទៀត ដោយផ្អែកតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា កំពង់ចាម ត្រូវបានកំណត់ថា ជាទឹកដី នៃឱកាស សម្រាប់អ្នកវិនិយោគជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕