(ភ្នំពេញ)៖ រយៈពេល៨៧៦០ម៉ោង ៣៦៥ថ្ងៃ ១២ខែ នៃឆ្នាំ២០២០ គឺជាពេលវេលា និងជាវិញ្ញាសារដ៏លំបាកមួយសម្រាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅលើពិភពលោក ព្រោះតែការរីករាតត្បាតនៃជំងឺកូវីដ១៩ ដែលយើងមិនធ្លាប់បានជួប។

ទោះបីជាពេលវេលានៃឆ្នាំ២០២០ ជាពេលវេលាមួយពោរពេញដោយការលំបាក តែក៏ជាពេលវេលា ដែលបានផ្តល់នូវបទពិសោធន៍ជីវិតថ្មី ផ្តល់នូវការប្រឹងប្រែងថ្មី ផ្តល់នូវការតស៊ូប្រឹងប្រែងថ្មី ដើម្បីជម្នះនូវការលំបាកមួយ។ នៅវេលាម៉ោង១២៖០០រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១ ពេលវេលាដ៏លំបាក និងពោរពេញដោយអនុស្សាវរីយ៍ល្វីងជូរចត់ជាច្រើន នឹងត្រូវកន្លងផុតទៅហើយ។

ពេញមួយឆ្នាំ២០២០ ដែលកន្លងផុតទៅនេះ គ្រួសារខ្មែរភាគច្រើនបំផុត ប្រហែលជាបន្សល់ទុកនូវស្លាកស្នាអនុស្សាវរីយ៍ដែលលំបាកជូរចត់ច្រើនជាងក្តីរីករាយ បើប្រៀបធៀនឹងឆ្នាំកន្លងទៅ ព្រោះតែការពើបប្រទះជាមួយជំងឺរាតត្បាតដែលយើងមិនធ្លាប់បានជួប។ ទោះជំងឺរាតត្បាតនេះបាននាំមកនូវក្តីលំបាកយ៉ាងណាក្តី តែក៏បាននាំមកនូវអនុស្សាវរីយ និងការចងចាំមួយសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល គឺការប្រឹងប្រែងជម្នះរួមគ្នាពោរពេញដោយការសាមគ្គីរឹងមាំ ដើម្បីឆ្លងកាត់ការលំបាកទាំងអស់នេះ។

ជារឿងដ៏ប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋ និងសង្គមរបស់យើង ដែលបានជម្នះបាននូវវិញ្ញាសារដ៏សែនលំបាកមួយនេះ។

សម្រាប់អង្គភាពព័ត៌មាន Fresh News វិញ ក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនផងដែរ ក្នុងដំណើរការលើសមរភូមិព័ត៌មាន។ ទោះជាយ៉ាងណាទាំងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់រូបមកពីគ្រប់ផ្នែក បានមូលចិត្តមូលគំនិតពួតដៃជាកម្លាំងដ៏ខ្លាំងក្លា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកដំណឹងពីគ្រប់ទិសទីក្នុងសង្គមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្មែរ និងបរទេស នៅទូទាំងសកលលោក។

កូវីដ១៩ បានធ្វើឱ្យអាជីវកម្មជាច្រើនជួបបញ្ហា ដួលរលំ និងផ្អាកដំណើរការ នាំឱ្យបុគ្គលិកជាច្រើនជួបបញ្ហាហិរញ្ញវត្ថុព្រោះបាត់បង់ការងារ។ សម្រាប់អង្គភាពព័ត៌មាន Fresh News បើទោះបីយើងជួបការលំបាកព្រោះឥទ្ធិពលជំងឺកូវីដ១៩ តែយើងនៅតែអាចជម្នះការលំបាកនេះបាន ដោយរក្សាបានដំណើរការ និងរក្សាបានការងារជូនបុគ្គលិកគ្រប់រូប។

កាន់តែរីករាយសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបនោះ នៅឆ្នាំ២០២០ ទោះជាឆ្នាំដ៏លំបាកយ៉ាងណាក្តី តែយើងមិនត្រឹមតែអាចរក្សាឈរជើងរឹងមាំ លើសមរភូមិព័ត៌មាននោះទេ។ តែយើងក៏ទទួលបានសមិទ្ធផលថ្មី និងដាក់ឱ្យដំណើរការអគារការិយាល័យកណ្តាលផ្ទាល់ខ្លួនផងដែរ។

ក្នុងនាមជានាយកប្រតិបត្តិ (CEO) និងជាស្ថាបនិក នៃអង្គភាពព័ត៌មាន Fresh News ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បុគ្គលិកគ្រប់ផ្នែកជិត១៣០នាក់ ដែលបានរួមគ្នាជាកម្លាំង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូង ចាត់ទុកការងារជាចំណីអាហារ ហើយស្រេកឃ្លានការងារគ្រប់ពេលវេលាមិនថាយប់ថ្ងៃ ដូចពាក្យមួយឃ្លាតែងតែលឺពេញបន្ទប់ការិយាល័យ Fresh News ថា «ពួកយើងទាំងអស់មិនខ្លាចនឿយហត់ ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»។

បើទោះឆ្នាំចាស់ផ្លាស់ផុតទៅជំនួសដោយឆ្នាំថ្មីយ៉ាងណាក្តី ខ្ញុំសង្ឃឹមថា ទឹកចិត្តដ៏មុះមុតរបស់បុគ្គលិកទាំងអស់នឹងមិនប្រែថ្មីនោះឡើយ នៅតែបន្តរក្សាប្រមូលផ្តុំគ្នាជាកម្លាំង ហើយកាន់តែខ្លាំងក្លា ជាងឆ្នាំចាស់ ដើម្បីសម្រេចគោលដៅរួមមួយ កសាងអង្គភាពព័ត៌មានជាទ្រនំដ៏សុខសាន្តមួយនេះ ឲ្យកាន់តែល្បាញល្បីថែមទៀត ជាមួយនឹងដំណើរមិនចេះនឿយហត់។

ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលតែងបានគាំទ្រអង្គភាព Fresh News តាំងពីដើមរៀងមក។ ជាពិសេសម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយផលិតផលរបស់ខ្លួន។

ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានា ជាការបន្តក់នូវទឹកអម្រិតប្រោសព្រំផ្តល់ដង្ហើមឲ្យ Fresh News អាចឈរជើងលើវេទិកា នៃការផ្តល់ព័ត៌មានប្រកបដោយការ ប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩។

ជាមួយការចាប់ផ្តើមនូវទំព័រជីវិតថ្មី ក្នុងឆ្នាំថ្មី ឆ្នាំ២០២១ ខ្ញុំសូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតន ត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្រេច ព្រះបរមនាថ នរោត្តម សីហមុនី, ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ, សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បាន សមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការ។

សូមទទួលបានជោគជ័យគ្រប់ការងារ ភារកិច្ច និង របរអាជីវកម្ម។ ជាពិសេសសូមឆ្នាំថ្មី ជាឆ្នាំដែលនាំជាតិកម្ពុជាទាំងមូលភពប្រសព្វតែភាពរីកចម្រើន និងវឌ្ឍនភាពជានិច្ចនិរន្ត ព្រមទាំងបន្តជម្នះបាននូវវិបត្តិជំងឺកូវីដ១៩ ទាំងអស់គ្នា៕

លឹម ជាវុត្ថា, ស្ថាបនិក និងជានាយកប្រតិបត្តិ