(សៀមរាប)៖ ភ្លើងឆេះវាលស្រែ និងព្រៃគម្ពោធ បានឆេះរាលដាលនាំឲ្យឆេះឃ្លាំងស្តុកសម្ភារ នៃសិប្បកម្មតម្បាញសូត្រមួយ នៅស្រុកពួក បណ្តាលឲ្យឆេះខូចខាតទាំងស្រុង នូវអាគារ និងសម្ភារ នៅក្នុងនោះដែលគិតជាទឹកប្រាក់ប្រមាណ២ម៉ឺន៥ពាន់ដុល្លារ។

លោក មាស សាន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានប្រាប់អង្គភាព Fresh News ពីកន្លែងកើតហេតុ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា នៅរសៀលថ្ងៃនេះ មានអគ្គិភ័យមួយ បានឆាបឆេះ​នៅចំណុចអាគារស្ដុកគ្រឿង​សង្ហារឹម និងសម្ភារ នៃឃ្លាំងតម្បាញមួយ របស់ក្រុមហ៊ុនសិប្បកម្ម​អង្គរនៅភូមិ​ប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា អគ្គិភ័យនេះ បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃដដែល បន្ទាប់ពីការជួយអន្តរាគមន៍ពន្លត់ របស់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ​ចំនួន៣គ្រឿង និងរថយន្ដរបស់ក្រុមពន្លត់អគ្គិភ័យ នៃព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប១គ្រឿង ដែលប្រើប្រាស់ទឹកអស់៤រថយន្ដ និងឧស្ម័នពន្លត់អគ្គិភ័យអស់១៥បំពង់។

លោកបន្តថា អាគារថ្ម និងដំបូលប្រកស៊ីហ្រូស៊ីម៉ងត៍ ដែលឆេះនេះមានទំហំ៤ម៉ែត្រ គុណនិង៧ម៉ែត្រ បានឆេះខូចខាតទាំងស្រុង និងបណ្ដាលឲ្យបាត់បង់សម្ភារៈ អស់ប្រមាណជាង២ម៉ឺន៥ពាន់ដុល្លារ ។ មូលហេតុ គឺបណ្ដាលមកពីភ្លើងឆេះព្រៃ ហើយរាលដាលឆេះជាអគ្គិភ័យនេះឡើង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬបន្តឆេះលំនៅដ្ឋាន និងអាគារផ្សេងទៀតឡើយ៕