(ភ្នំពេញ)៖ ប្រតិភូមួយក្រុម ដែលរួមមានតំណាងក្រុមហ៊ុន SCG និងតំណាងស្ថានទូតថៃ បានចូលក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថសីហនុ ក្នុងព្រះបរមរាជវាំង និងថ្វាយទឹកប្រាក់មនុស្សធម៌សរុប៥ម៉ឺនដុល្លារ ដោយព្រះមហាក្សត្រី បានប្រគល់បន្តទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលជាមួយគ្នានោះផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ។

ទឹកប្រាក់មនុស្សធម៌នេះ បានពីការរៃអង្គាស ពីការលក់សំបុត្រចូលទស្សនា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏ជក់ចិត្ត រវាងក្រុមបាល់ទាត់ថៃ SCG Muangthong United និងក្រុម K-Cement Cambodian All Stars របស់ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកទស្សនាប្រមាណ ៤៥.៦០០នាក់ និងពីការលក់វត្ថុអនុស្សាវរីយ៍ មានចំនួន ៣៨០០០ដុល្លារ បូកបន្ថែមនឹងថវិកាផ្ទាល់របស់ក្រុមហ៊ុន១២០០០ដុល្លារបន្ថែមទៀត ដែលក្រុមហ៊ុនបរិច្ចាកបន្ថែម ដើម្បីបង្រ្គប់ឲ្យគ្រប់៥ម៉ឺនដុល្លារ។

ទឹកប្រាក់ដែលក្រុមហ៊ុន SCG បានបរិច្ចាគនេះ នឹងចូលរួមចំណែកទ្រទ្រង់ប្រតិបត្ដិការ នៃមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយលើកកម្ពស់ សុខមាលភាពកុមាររាប់រយពាន់នាក់ នៅទូទាំងប្រទេស ដែលរំពឹងលើការព្យាបាល និងជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ។

លោក Somwang Manpimonchai នាយកប្រចាំប្រទេសក្រុមហ៊ុន SCG ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ បានឲ្យដឹងថា «យើងមានក្តីរីករាយណាស់ ដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជា ហើយយើងមានមហាកិត្តិយសជាពន់ពេក ដោយបានចូលក្រាបបង្គំទូល ព្រះករុណា ព្រះមហាក្សត្រី ព្រះវររាជមាតា និងប្រគល់ទឹកប្រាក់មនុស្សធម៌ ដែលរៃអង្គាសបានក្នុងព្រឹត្តិការណ៍នេះ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា» ។

លោកបន្ដថា ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្រ្តមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន SCG ដើម្បីក្លាយជាក្រុម​ហ៊ុនប្រកបដោយនិរន្តរភាព ឈានមុខគេនៅអាស៊ាន ក៏ដូចជា ចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍ និងសង្គម ដែលយើងធ្វើប្រតិបត្តិការ ។
ក្រុមហ៊ុន SCG គឺក្រុមហ៊ុនប្រកបដោយ​និរន្តរភាព ឈានមុខគេមួយក្នុងតំបន់អាស៊ាន ដែលបានធ្វើប្រតិបត្ដិការ​ក្នុងតំបន់ អាស៊ានអស់រយៈពេល ជាង១០០ឆ្នាំមកហើយ ៕