(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

ក្នុងនោះផង លោកបណ្ឌិតអភិបាលខេត្ត ស្នើជំរុញឲ្យមានដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ រវាងខេត្តសៀមរាបនៃកម្ពុជា និងក្រុងអូស្ទីន នៃរដ្ឋតិចសាស សហរដ្ឋអាមេរិច ដើម្បីឈានដល់ការចុះអនុស្សរណៈ នៃការយោគយល់ផងដែរ។ បន្ថែមពីនេះសុំឲ្យជួយជំរុញអ្នកវិនិយោគអាមេរិក មកធ្វើការវិនិយោគនៅខេត្តសៀមរាប ដូចជាផ្សារទំនើប សួនកំសាន្ត និងជាពិសេសទីក្រុងរណប។

លោកឯកអគ្គទូត ថ្លែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត ពិសេសលោកអភិបាលខេត្ត ក្នុងការអភិវឌ្ឍ និងការរីកចម្រើនរបស់ខេត្តសៀមរាប ហើយលោកបានបញ្ជាក់ផងដែរថា មានការចាប់អារម្មណ៍ខេត្តសៀមរាបជាអាទិ៍ ដោយសារសៀមរាបទីក្រុងធំទី២របស់កម្ពុជា មានប្រពលរដ្ឋអាមេរិក រស់នៅច្រើនផង និងមានគម្រោងធំៗ ដែលកំពុងអនុវត្តលើវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកសិកម្ម ជាពិសេសមានអ្នកស្ម័គ្រចិត្តកំពុង ធ្វើការស្ម័គ្រនៅទីនេះផងដែរ។

លោកបានឆ្លើយតបសំណូមពរ គាំទ្រសម្រាប់ការចុះអនុស្សានៈយោគយល់ រវាងខេត្តសៀមរាប និងក្រុងអូស្ទីន ហើយជំរុញឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍ទៅវិញទៅមក៕