(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមអាជីវករនៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរដំណាក់ស្តេច ជាង១០០នាក់ បានយកញត្តិរបស់ពួកគេដាក់ជូនរាជរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីទាមទារការដោះស្រាយ២ចំណុច ក្រោយពេលអាជ្ញាធរដែលរៀបចំ សណ្តាប់ធ្នាប់នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុឡើងវិញ តម្រូវឱ្យពួកគេរុះរើតូប។

លោក ឯក វិធាន តំណាងអាជីវករនៅឆ្នេរអូរត្រេះ ដែលបានបើកការលក់ដូរតាំងពីឆ្នាំ២០០២ បាននិយាយថា អាជីវករដែលអាជ្ញាធរ តម្រូវឱ្យរុះរើតូបនេះ ៦២តូបនៅឆ្នេរអូរត្រេះ ២៦តូបនៅឆ្នេរអូរឈើទាល និង៥៧តូប នៅឆ្នេរដំណាក់ស្តេច ហើយពេលនេះតំណាង អាជីវករទាំងអស់នោះ បានយកញត្តិដើម្បីមកសុំអន្តរាគមន៍នៅរាជធានីភ្នំពេញ។

អាជីវកររូបនេះ បានបញ្ជាក់ថា ញត្តិរបស់ពួកគេត្រូវបានយកទៅដាក់រួចហើយ នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងរដ្ឋសភា ដោយស្នើដូចជា ទី១. សុំឱ្យពួកគេអាចបន្តលក់ដូរនៅកន្លែងចាស់តទៅទៀត ហើយពួកគេនឹងធ្វើទៅតាមស្តង់ដាររបស់រដ្ឋ និងទី២ បើសិនជាត្រូវប្តូរទៅកន្លែងផ្សេង ពួកគេស្នើឱ្យអាជ្ញាធររៀបចំប្លង់និងទីតាំងឱ្យ បានរួចរាល់ជាមុនសិន ទើបពួកគេសម្រេចជាក្រោយ។

លោក ឯក វិធាន បានបញ្ជាក់ថា អ្នកចេញមកទទួលញត្តិពុំទាន់ឆ្លើយតបភ្លាមៗនោះទេ ហើយតម្រូវឱ្យពួកគេរង់ចាំមួយសប្តាហ៍។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ អាជ្ញាធរខេត្តព្រះសីហនុ បានជូនដំណឹង ឱ្យអាជីវករនៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុនសុខា) និង ដំណាក់ស្តេច ដែលសាងសង់លើដីចំណីឆ្នេរសាធារណៈ ធ្វើការរុះរើតូបរបស់ពួកគេ ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ដើម្បីឱ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់នៅតាមឆ្នេរសមុទ្រឡើងវិញ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១៥ បានសម្រេចដាក់ចេញវិធានការមួយដែលតម្រូវឱ្យវិស័យឯកជន ដែលទទួលបានសិទ្ធិកាន់ កាប់តំបន់ឆ្នេរ ដកឃ្លាចេញពីមាត់ឆ្នេរសមុទ្រប្រមាណ៥០ម៉ែត្រ ដើម្បីឱ្យអាជ្ញាធរ និងមន្រ្តីជំនាញរៀបចំឆ្នេរសមុទ្រកម្ពុជាទាំងអស់ ឱ្យទៅជាទ្រព្យសាធារណៈ ដែលអាចឱ្យប្រជាពលរដ្ឋគ្រប់គ្នាទៅកម្សាន្តបាន៕