(បន្ទាយមានជ័យ)៖ ក្រុមតំណាងអាជីវករកម្ពុជា ថៃ នឹងដាក់ពាក្យបណ្តឹង ប្តឹងចោទប្រកាន់ទៅលើម្ចាស់ផ្សារឥណ្ឌូចិន បោកប្រាស់កិច្ចសន្យាជួលតូប​នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ក្រុមអាជីវករខ្មែរ ថៃ បានប្រាប់ថា កាលពីមុនពួកគាត់បាននាំគ្នាទិញតូបនៅផ្សារឥណ្ឌូចិន (ផ្សាររោងក្លឿ) ស្ថិតនៅក្នុងស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ ដែលបានលក់តូបឲ្យពួកគាត់អស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះបានផ្តល់ព័ត៌មានថា បញ្ឈប់កិច្ចសន្យាតូបដោយពុំមានអ្វីសម្គាល់ច្បាស់លាស់ឡើយ បែរជាប្រើប្រាស់អំណាចផ្តាច់ការទៅវិញ ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជីវករខ្មែរ ថៃ ស្ម័គ្រចិត្តនាំគ្នាផ្តិតមេដាយប្តឹងទៅតុលាការខេត្តស្រះកែវ ប្រទេសថៃ ជួយរកដំណោះស្រាយតាមនិតិវិធីច្បាប់។

ជាក់ស្តែងមកដល់ពេលនេះ នៅផ្សារឥណ្ឌូចិនកំពុងមានសភាពស្ងប់ស្ងាត់ គ្មានអាជីវករខ្មែរ-ថៃណា ទៅដាក់ទំនិញរៀបចំទំនិញលក់ដូរនោះទេ គឺស្ងាត់ឲ្យឈឹង ។

សូមបញ្ជាក់ថា ផ្ទះល្វែងជាច្រើនខ្នងនៅជុំវិញផ្សារឥណ្ឌូចិន ជាកម្មសិទ្ធិរបស់ម្ចាស់នោះ ពលរដ្ឋខ្មែរ-ថៃ កំពុងព្រួយបារម្ភបញ្ហាដូចខាងលើនេះ ព្រោះផ្ទះទាំងអស់នោះមានតម្លៃរាប់លានបាត ខ្លះមានតម្លៃ ៥លានបាត ទៅ ៨លានបាតឯណោះ ដូច្នេះហើយពលរដ្ឋខ្មែរ-ថៃ បានសំណូមពរដល់​សមត្ថកិច្ចជំនាញអគ្គកុងស៊ុល ប្រចាំខេត្តស្រះកែវ ប្រទេសថៃ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនពួកគាត់ផង៕