(ភ្នំពេញ)៖ ករណីជម្លោះរហូតមានប្រើហិង្សា ដាក់គ្នារវាងក្រុមសន្តិសុខ ប្រមាណ១០នាក់ របស់ក្លឹបរាត្រី Relax ស្ថិតនៅតាមផ្លូវលេខ ២០១១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ រហូតធ្វើឲ្យបុរសជាភ្ញៀវម្នាក់រងបួសបែកក្បាល ហូរឈាម និងម្នាក់ទៀតហើមមុខនោះ ត្រូវបានសមត្ថកិច្ចអះអាងបន្ថែមថា រឿងនេះបណ្តាលមកពីក្រុម ភ្ញៀវស្រវឹងខ្លាំងពេក ដោយរាំកន្ត្រាក់ញាក់ដៃញាក់ជើង ចាក់ក្បាច់រហូតរបូតស្បែកជើង ទប់ស្មារតីមិនចង់កើត។

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា តាមការបំភ្លឺពីម្ចាស់ក្លឹប គឺនៅមុនពេលកើតហេតុ មានបុរសមួយក្រុមប្រមាណ៥នាក់ បានចូលទៅ រាំលេងនៅក្នុងក្លឹប ពេលនោះមានម្នាក់ស្រវឹងឡើងទោទន់ ហើយឡើងទៅរាំលើឆាករហូតរបូតស្បែកជើង ចាក់ក្បាច់យ៉ាងខ្លាំង។

ដោយមើលឃើញស្ថានភាពបែបនេះក្រុមសន្តិសុខដែលយាមប្រចាំការ និងមើលការខុសត្រូវនៅក្នុងក្លឹប បានចេញទៅប្រាប់ឲ្យមក អង្គុយតុ ពីព្រោះស្រវឹងហើយ។ ប៉ុន្តែមានគ្នាម្នាក់ទៀតជាមិត្តភក្តិមាឌធំ ចេញមកកាងនិងឲ្យបន្តរាំទៀត រហូតកើតមានជម្លោះ វាសដៃបែកកែវលើតុ ដូច្នេះហើយទើបក្រុមសន្តិសុខ បាននាំពួកគេចេញមកក្រៅក្លឹបវិញ ជៀសវាងមានរឿងកាន់តែធំ។

នៅពេលនាំចេញមកក្រៅក្លឹប នៅលើចិញ្ចើមផ្លូវនោះស្រាប់តែ ភាគគីភ្ញៀវបានហូតខ្សែក្រវ៉ាត់ ទៅវាយបុរសសន្តិសុខម្នាក់ប៉ុន្តែខាង ក្រុមសន្តិសុខក៏មិនបាន ទៅវាយនោះទេ គ្រាន់តែជួយឃាត់ហើយដេញទៅក្រៅវិញ ។

ក្រោយកើតជម្លោះរួចហើយភាគីភ្ញៀវទាំងនេះ បានទៅអង្គុយនៅហាងម្ខាងផ្លូវ លុះមួយសន្ទុះក្រោយឃើញពួកគេទៅជជែកខ្លាំងៗ ជាមួយមនុស្សមួយក្រុមជិះម៉ូតូធន់ធំ លុះពេលក្រុមជិះម៉ូតូធំទៅបាត់ ក៏ឃើញពួកគេបែកក្បាល និងហើមមុខតែម្តងដូច្នេះប្រហែល មានជម្លោះជាមួយក្រុមមួយទៀតនោះ។

ម្ចាស់ក្លឹបក៏បានបង្ហាញពីសកម្មភាពទាំងអស់ដែលត្រូចបានថតតាម Camera ទាំងអស់គឺឃើញជាក់ស្តែងថា ក្រុមភ្ញៀវទាំងនេះមានភាព ស្រវឹងខ្លាំង រហូតឡើងរាំរបូតស្បែកជើង ហើយថែមទៀតទាញខ្សែក្រវ៉ាត់ទៅវាយក្រុមសន្តិសុខទៀតផង។

តាមសេចក្តី រាយការណ៍ ជនរងគ្រោះទាំង៣នាក់រួមមាន ទី១ឈ្មោះ ហ៊ុត កក្កដា អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិប៉ប្រកត្បូង ទី២ឈ្មោះ ផល មុន្នី និងទី៣ឈ្មោះ ទិត្យ រដ្ឋា អាយុ២៨ឆ្នាំស្នាក់នៅ ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕