(មណ្ឌលគិរី)៖ បុរសម្នាក់ពេលកំពុងដេកលង់លក់ នៅក្នុងអង្រឹងលើផ្ទះ ត្រូវជនមិនស្គាល់មុខ លបបាញ់សម្លាប់ចោល ដោយមិនទាន់ដឹង មូលហេតុ នៅឡើយ ខណ:ដែលកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីឃាតកម្មមួយនេះ ។

ករណីបាញ់សម្លាប់មនុស្សខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ៩៖២៦នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្រុមគែរពៅ ភូមិក្លងឡែ​ ឃុំសុខសាន្ត ស្រុកកោះញែក​ ខេត្តមណ្ឌលគិរី​ ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «ករណីនេះ យើងមិនទាន់ហានសន្និដ្ឋាននៅឡើយទេ ថាបណ្តាលមកពីមូលហេតុអ្វី ដែលយើងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើស»។ បើតាមលោកស្នងការ ជនល្មើសបានលបបាញ់ជនរងគ្រោះ ពីក្រោមផ្ទះ ខណ:ដែលជនរងគ្រោះកំពុងដេកលក់ នៅក្នុងអង្រឹងលើផ្ទះ។

លោក កាន់ ពេញ អធិការនគរបាលស្រុកកោះញែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះផ្លាល ព្យុ អាយុ២៧ឆ្នាំ ជនជាតិភ្នង​ ទីលំនៅភូមិ ឃុំកើតហេតុ​ដោយឡែក ជនល្មើសបានប្រើកាំភ្លើង (មិនទាន់ដឹងប្រភេទព្រោះមិនទាន់រកឃើញសំបកគ្រាប់) ដោយបាញ់១គ្រាប់ចំក្បាល ពីខាងក្រោយធ្លាយមកចំកណ្តាលថ្ងា​ស​ ។

ក្រោយមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងធ្វើកោសល្យវិច័យសពមុនពេលប្រគល់ជូន ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕