(ភ្នំពេញ)៖ ក្រុមការងារមតិភាគច្រើន នៅក្នុងរដ្ឋសភា ដឹកនាំដោយសម្តេចក្រឡាហោ ស ខេង និង ក្រុមមតិភាគតិចដឹកនាំដោយ លោក កឹម សុខា នឹងជួបគ្នាជាថ្មី នៅវិមានរដ្ឋសភា នៅម៉ោង៥៖០០ល្ងាចថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីពង្រឹងវប្បធម៌ សន្ទនា។ នេះបើតាមការបញ្ជាក់ពីលោក យ៉ែម បុញ្ញឫទ្ធិ ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាននិយាយថា បើយោងទៅតាមកិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ គឺនៅមានបញ្ហាសេសសល់មួយចំនួនដែលត្រូវជជែកជាមួយភាគីគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាទាំងនេះ។

លោកថា «ទាំងមតិភាគច្រើន និងមតិភាគតិច យើងយល់ឃើញថា មានតែការដោះស្រាយជជែក តាមរយៈវប្បធម៌សន្ទនា រវាងខ្មែរនិងខ្មែរទេទើបអាចដោះស្រាយបញ្ហាបានល្អ»

លោក សុខ ឥសាន តំណាងរាស្រ្ត និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ជំនួបនៅថ្ងៃស្អែកនឹងធ្វើឡើងប្រាកដមែន ប៉ុន្តែមិនទាន់មានរបៀបវារៈនៅឡើយទេ ។ លោកថាជំនួបនោះ គឺពិភាក្សានៅក្នុងក្របខណ្ឌវប្បធម៌សន្ទនា ។

ទោះជាយ៉ាងណា តំណាងរាស្រ្តរូបនេះ បានបញ្ជាក់ថា នៅក្នុងជំនួបនោះនឹងនិយាយ ត្រឹមតែក្របខណ្ឌនយោបាយ មិននិយាយអំពីរឿង តុលាការ ឬលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ គណបក្សជាប់ឆ្នោតទាំងពីរ បានបើកកិច្ចចរចាជាមួយគ្នាដោយបាន ព្រមព្រៀងគ្នាជាថ្មីចំនួន៤ចំណុច រួមមាន៖

១.បង្កើតគណៈកម្មការចំពោះកិច្ចដែលចូលរួមដោយ គណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាព ដំឡើងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
២. បង្កើតក្រុមការងារដែលចូលរួម ដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិត នៃវប្បធម៌សន្ទនា ដោយឈលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ សម្តៅឱ្យមានការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ នៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិឱ្យបានស្ថិតស្ថេរ យូរអង្វែង។
៣.ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំ តំណាងរាស្រ្តនៃគណបក្ស នយោបាយក្នុងរដ្ឋសភា សម្តៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព នៃស្ថាប័នរដ្ឋសភា ។
៤. បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ៕