(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល បានរាយការណ៍ថា នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល បាននាំជនចាប់ជំរិតក្មេងប្រុសអាយុ១០ឆ្នាំ ជាក្មួយបង្កើតរបស់មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ សោ សាវឿន ទៅបង្ហាញ និងចង្អុលទីតាំង ស្ថិតនៅភូមិគោគបញ្ជន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យ ចាប់ក្មេងប្រុសរងគ្រោះទៅឃុំឃាំង អស់រយ:ពេលប៉ុន្មានថ្ងៃនេះ។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់ជំរិតក្មេងម្នាក់ អាយុ១០ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថជំនាញ លើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ចាម, អាវុធហត្ថខេត្តតាកែវ និងនគរបាលប៉ុស្តិ៍ ព្រែកកំពិសខណ្ឌដង្កោ តាមចាប់បាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាលបានបញ្ជាក់ថា ករណីនេះបានកើតឡើង នៅចំណុចសាលាបឋមសិក្សាបចេ្ចកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមមន្រ្តីអាវុធហត្ថ ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងនៅ វេលាម៉ោង១រហូតដល់ម៉ោង ៥៖២០នាទីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលកម្លាំងអាវុធខេត្តកណ្តាល សហការជាមួយជំនាញអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ អាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងនគរបាលប៉ុស្តិ៍ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះ តាំង សុហទ័យ អាយុ១០ឆ្នាំ មុខរបរសិស្សសាលាបឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ តាំង សង្គម អាយុ៣៩ឆ្នាំ មុខរបរ ស្មូនរូប និងម្តាយឈ្មោះ ម៉ូវ រម្យទម្យ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងបីមានទីលំនៅ ភូមិពោធិតូច ឃុំកំពង់ហ្លួង។

ដោយឡែក​ជនសង្ស័យឈ្មោះ សួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះហើយត្រូវបាន ចាប់ខ្លួន ស្ថិតនៅចំណុចវាលស្រែ មុខការ៉ាសាំង PTT ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្រោយចាប់ខ្លួនកម្លាំង សមត្ថកិច្ច បានដកហូតយកវត្ថុតាងរួមមាន ម៉ូតូ C125ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF-4254 ប្រាក់42500រៀល ហើយលុយ២លានរៀលរបស់ឪពុកម្តាយជនរងគ្រោះបានបាត់។

សម្រាប់ប្រតិបត្តិការ តាមចាប់ជនសង្ស័យរូបនេះ ត្រូវបានមន្រ្តីអាវុធហត្ថបានប្រាប់ថា  «ដោយមានការរៀបចំផែនពង្រាយកម្លាំង អហ (ស៊ីវិល) និងឯកសណ្ឋាន តាមដងផ្លូវផ្ទះសេវាផ្ទេរប្រាក់ Wing តាមផ្ទះ (បណ្តោយផ្លូវជាតិលេខ២) ចាប់តាំងពីស្រុកបាទី ខេត្តតាកែវ រហូតដល់ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ និងតាមតំបន់សេវាទូរសព្ទ័ (location) របស់ជំនាញ អហផងជាប្រចាំ កម្លាំងអហ និងក្រុមគ្រួសារជនរងគ្រោះ ក៏ជួបប្រទះជនល្មើស និងជនរងគ្រោះនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏នាំគ្នាចូលទៅរំដោះ ជនរងគ្រោះ។  ពេលនោះជនសង្ស័យរត់កាត់វាស្រែ តែត្រូវកម្លាំងយើងសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ពទ្ធ័ចាប់ខ្លួនតែម្តង»៕