(ភ្នំពេញ)៖ លទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦បានឲ្យដឹងថា មានអ្នកបើកបរស្រវឹង​ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល​ចរាចរណ៍ ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យឃើញថា ពួកគេបើកក្នុងស្ថាន​ភាពស្រវឹងធ្ងន់ធរ មិនអាចពិន័យ ឬអប់រំបាន។  

របាយការណ៍​លទ្ធផល​ដដែល បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ យានយន្តដែលត្រូវបានធ្វើការ ត្រួតពិនិត្យមានចំនួន​១,​២២៨គ្រឿង (ម៉ូតូចំនួន៧៦៤គ្រឿង និងរថយន្ត៤៦៤គ្រឿង) យានយន្តដែលបានចេញ ប័ណ្ណពិន័យបទល្មើសចំនួន​៤០៩គ្រឿង (ម៉ូតូ២៨៣​គ្រឿ និងរថយន្ត​២២៦គ្រឿង) អប់រំអ្នកបើកបរ​ដែល មានអត្រាជាតិស្រវឹង​ក្រោម ០.២៥ ចំនួន៤១នាក់ (ម៉ូតូចំនួន២៦នាក់ និងរថយន្តចំនួន១៥នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាមចំនួន៧នាក់ (ម៉ូតូចំនួន៣នាក់ និងរថយន្តចំនួន៤នាក់)

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់ អ្នកបើកបរស្រវឹងចំនួន៨នាក់ ក្នុងនោះអ្នកបើក​ម៉ូតូចំនួន៦នាក់ អត្រាជាតិអាល់​កុលពី០.៥៧ ដល់១.២២ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល ០.៥៥ ដល់ ០.៦៦ MgL/ខ្យល់។

សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល២០លើក បានឃាត់អ្នកបើកបរយានយន្តចំនួន​១៧០នាក់ អ្នកបើកបររថយន្តចំនួន៤៣នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន១២៧នាក់៕