(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប​បទល្មើសព្រៃឈើ បាននឹងកំពុងទទួល​ជួបពិភាក្សាស្តីពីបទអន្តរាគមន៍​បង្ក្រាបបទល្មើសព្រៃឈើ​ នៅក្នុងតំបន់ការពារធម្មជាតិ និងព្រៃការពារ ជាមួយ លោក លោកស្រី តំណាងអង្គការអភិរក្សអន្តរជាតិ​ចំនួន៦អង្គការ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ​ដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។

ក្រោយបង្កើតគណ:កម្មការថ្នាក់ជាតិមួយនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិជាបន្តបន្ទាប់ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើជាច្រើនកន្លែង នៅតាមបណ្តាខេត្តជាប់ព្រំដែន​ប្រទេសវៀតណាម និងធ្វើការទប់ស្កាត់​ជាបន្ទាន់មិនឲ្យមាន​ការនាំចេញនោះឡើយ។