(សៀមរាប)៖ អាជ្ញាធរអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ជូនដល់អ្នកជំនាញប្រមាណ ៣០នាក់មកពីអាជ្ញា​ធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ។ ការបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

វគ្គសិក្សានេះ ស្ថិតក្រោមគម្រោងអភិរក្សចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់ក្នុងរមណីយដ្ឋានអង្គរ (GACP) និង អាជ្ញាធរជាតិអប្សរា ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យ Han Leisen អ្នកជំនាញផ្នែកធម្មជាតិវិទ្យា មកពីប្រទេសអាល្លឺម៉ង់ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការជួសជុលជុល និងអភិរក្សថ្មនៅអង្គរ។ ខ្លឹមសារសំខាន់នៅក្នុងវគ្គសិក្សានេះ ផ្តោតលើសិល្បៈ នៃការតែង​លម្អលក្ខណៈថ្ម​បច្ចេកទេស នៃការរៀបចំឯកសារតម្រូវការសម្ភារៈសម្រាប់ការងារអភិរក្ស និងវិធីសាស្ត្រ នៃការស្រាវជ្រាវជាដើម។

វគ្គសិក្សានេះមានទាំងទ្រឹស្តី និងការចុះទៅសិក្សាផ្ទាល់នៅតាមប្រាសាទគោលដៅដែលបានកំណត់ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទក្រវ៉ាន់ ប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ ដើម្បីសិក្សាវិភាគអំពីលក្ខណៈនៃប្រភេទថ្មតាមប្រាសាទទាំងនោះ។

លោកស្រី ម៉ម វណ្ណរតន៍ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹង​មូលដ្ឋាន​ដល់មន្ត្រី​បច្ចេកទេស​ទាំង៣០នាក់​ក្នុងការអភិរក្សថ្ម​តាម​បែបបច្ចេកទេស ឱ្យបានត្រឹមត្រូវតាមបទ​ដ្ឋាននៅក្នុងតំបន់អង្គរ។ វគ្គសិក្សានេះ ក៏មានបំណងឱ្យសិក្ខាកាមយល់ដឹងពីលក្ខណៈធម្មជាតិរបស់ថ្ម ដំណើរសឹករិចរិលរបស់ថ្មប្រាសាទ និងបច្ចេកទេសនៃការរៀបចំឯកសារ ព្រមទាំងវិធីសាស្ត្រនៃការអភិរក្សតាមបែបវិទ្យាសាស្ត្រផងដែរ ហើយការបណ្តុះបណ្តាលនេះ គឺជាវគ្គសិក្សាដំបូងនៃកិច្ចសហការរវាងគម្រោងអភិរក្សចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់​នៅរមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា។

កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានបើកវគ្គបណ្តុះបណ្តាលស្តីពីការងារអភិរក្ស ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោក បានជាច្រើនមកហើយ។ ដោយឡែក វគ្គសិក្សាក្នុងពេលនេះ គឺជាការផ្តល់នូវ​ជំនាញបន្ថែមទៀត ដល់អ្នកបច្ចេកទេសទាំងអស់ ដើម្បីឲ្យមាន​សមត្ថភាពគ្រប់គ្រាន់ យកទៅអនុវត្ត​លើការងារប្រចាំថ្ងៃ​ឱ្យកាន់តែមាន​ប្រសិទ្ធភាពបន្ថែមទៀត៕