(កំពត)៖ រថយន្ត Hylander មួយគ្រឿងបាន បើកបុកម៉ូតូជនរងគ្រោះ មីងនិងក្មួយ បណ្តាលឲ្យរងរបួសធ្ងន់​ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតចំណុចផ្លូវបែកជាបួន ជ្រុងខាងជើង របងមន្ទីរពេទ្យបង្អែកខេត្តកំពត ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

មន្ត្រីនគរបាលក្រុងកំពត បានប្រាប់អង្គភាព Fresh news ថា ជនរងគ្រោះជាអ្នកជិះម៉ូតូ២នាក់ មីង និងក្មួយប្រុស អាយុជាង២ឆ្នាំ ឯមីងអាយុប្រមាណ២២ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះភួន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើករថយន្តម៉ាក Hylander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-6819 រថយន្តខ្ទេចកាងខាងមុខ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងល្បឿនលឿន ពីជើងទីត្បូង លុះមក ផ្លូវបំបែកជា៤ មានអាទិភាពដូចគ្នា ក៏បុកចំម៉ូតូរបស់ជនរងគ្រោះពេញទំហឹង ខណៈម៉ូតូបើកឆ្លងផ្លូវ ពីកើតទៅលិចដល់ចំណុចកណ្តាលផ្លូវបំបែកជា៤នោះ បណ្តាលឲ្យជនរងគ្រោះមីង និងក្មួយ ក៏ជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ ជនរងគ្រោះទាំង២នាក់ ត្រូវគេដឹកទៅព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត ដែលនៅក្បែរនោះ ប៉ុន្តែតាមគ្រូពេទ្យ បានបញ្ជាក់ថា កុមារារងគ្រោះ ដោយសាររបួសក្បាលធ្ងន់ធ្ងរពេក ត្រូវបញ្ជូនបន្តទៅភ្នំពេញទៀត។

បច្ចុប្បន្នជនជាអ្នកបើកបររថយន្តបង្ករួមនឹងរថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅឯអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំពោះគ្រួសារជនរងគ្រោះ​ សុទ្ធតែអ្នកក្រីក្រតោកយ៉ាក៕