(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រពោលគឺជាគ្រួសារដែលងាយរងគ្រោះ រស់នៅតាមបណ្ដាសង្កាត់ ចំនួន៦ ក្នុងខណ្ឌឫស្សីកែវ បានបន្តទទួលបានអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជាបន្តបន្ទាប់ដើម្បីដោះស្រាយក្នុងជីវភាព ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

ការចុះសួរសុខទុក សំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទខណ្ឌ និងរួមដំណើរដោយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់ ជាមួយមន្ត្រីពាក់ព័ន្ធ ផងនោះ បានចាប់ផ្ដើមឡើងតាំងពីថ្ងៃ២១-២៩ ខែធ្នូ ឆ្នាំ២០២០។

ឆ្លៀតនាឱកាសនោះ លោកស្រី អាន ផល្លា ជា ពិសី បានលើកទឹកចិត្តប្រជាពលរដ្ឋ ដោយត្រូវខិតខំបន្តប្រកបរបរចិញ្ចឹមជីវិត ទាំងមានក្ដីសង្ឃឹមជានិច្ច ដែលជាការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសលោកស្រីបានផ្ដាំផ្ញើសួរសុខទុក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទខណ្ឌឫស្សីកែវ បន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋ នូវទូទាំងប្រទេស ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រស់នៅដោយក្តីអស់សង្ឃឹមនោះទេ។

លើសពីនេះ លោកស្រីក៏បាន ផ្ដាំផ្ញើទាំងអាជ្ញាធរភូមិ-សង្កាត់ឲ្យជួយរាយការណ៍អំពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ ក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃ ចាស់ជរា ពិការភាព ទុរគតជនគ្មានទីពឹង ជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបឧបត្ថវៈហេតុផ្សេងៗ ជាដើម «ពោលជនងាយរងគ្រោះ» ដើម្បីស្វែងរកដំណោះស្រាយជូន ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

លើសពីនេះទៅទៀត លោកស្រីអនុប្រធានកិត្តិយសអនុសាខាកាកបាទខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង។

សូមជម្រាបថា ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលទទួលបានអំណោយសង្គ្រោះ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅ ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ មានចំនួន៦សង្កាត់ រួមមាន៖ ពលរដ្ឋសង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២៕