(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ តំណាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមផ្ញើលិខិតអបអរសាទរ និងជូនពរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

«សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជន ឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕