(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក ប៊ុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលមរណភាព នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ វេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ដោយជរាពាធ។

នៅក្នុងសាររំលែកទុក្ខរបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានរៀបរាប់ថា៖ «ខ្ញុំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ឧបាសក ជ្រុន គឹមជ្រា ហៅ កែន មេន ត្រូវជាបិតា បិតាក្មេង និងជីតា ជាទីគោរពស្រឡាញ់បំផុត បានទទួលមរណភាពនៅនៅថ្ងៃច័ន្ទ ១៤កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។ ការទទួលមរណភាពរបស់ឧបសក ជ្រុន គឹមជ្រា ហៅ កែន មេន គឺជាការបាត់បង់នូវបិតា បិតាក្មេង និងជីតា ជាទីគោរពស្រឡាញ់បំផុត និងប្រកបដោយព្រហ្មវិហារធម៌របស់ឯកឧត្តមបណ្ឌិត ព្រមទាំងក្រុមគ្រួសារ»

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបង្ហាញក្តីអាឡោះអាល័យថា «ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងចូលរួមចែករំលែកទុក្ខនូវមរណទុក្ខជាមួយឯកឧត្តមបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តទាំងអស់នៃសព ដោយក្តីសង្វេកជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាកស ជ្រុន គឹមជ្រា ហៅ កែន មេន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

បច្ចុប្បន្នសពកំពុងតម្កល់ ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសានានៅអាសយដ្ឋាន ក្នុងបុរីណតប៊្រីដ ផ្ទះលេខ ០៤៤ ផ្លូវ 2B1 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕