(កណ្តាល)៖ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានថ្លែងឲ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់ជំរិតក្មេងម្នាក់ អាយុ១០ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថជំនាញលើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ចាម, អាវុធហត្ថខេត្តតាកែវ និងនគរបាលប៉ុស្តិ៍ព្រែកកំពិសខណ្ឌដង្កោ តាមចាប់បាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ករណីនេះបានកើតឡើង នៅចំណុចសាលាបឋមសិក្សាបចេ្ចកវិទ្យា សម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមមន្រ្តីអាវុធហត្ថ ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងនៅ វេលាម៉ោង១រហូតដល់ម៉ោង៥៖២០នាទីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលកម្លាំងអាវុធខេត្តកណ្តាល សហការជាមួយជំនាញអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ អាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះឈ្មោះ តាំង សុហទ័យ អាយុ១០ឆ្នាំ មុខរបរសិស្សសាលាបឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ តាំង សង្គម អាយុ៣៩ឆ្នាំ មុខរបរ ស្មូនរូប និងម្តាយឈ្មោះ ម៉ូវ រម្យទម្យ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងបីមានទីលំនៅ ភូមិពោធិតូច ឃុំកំពង់ហ្លួង។

ដោយឡែក​ជនសង្ស័យឈ្មោះ សួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះ ហើយត្រូវបានចាប់ខ្លួន ស្ថិតនៅចំណុចវាលស្រែ មុខការ៉ាសាំងPTT ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានដកហូតយកវត្ថុតាងរួមមាន ម៉ូតូ C125ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF4254 ប្រាក់42500រៀល ហើយលុយ២លានរៀលរបស់ឪពុកម្តាយជនរងគ្រោះបានបាត់។

សម្រាប់ប្រតិបត្តិការ តាមចាប់ជនសង្ស័យរូបនេះ ត្រូវបានមន្រ្តីអាវុធហត្ថបានប្រាប់ថា  «ដោយមានការរៀបចំផែនពង្រាយកម្លាំង អហ(ស៊ីវិល) និងឯកសណ្ឋាន តាមដងដងផ្លូវផ្ទះសេវាផ្ទេរប្រាក់Wing តាមផ្ទះ (បណ្តោយផ្លូវជាតិលេខ2) ចាប់តាំងពីស្រុកបាទីខេត្តតាកែវ រហូតដល់ ស្រុកកណ្តាលស្ទឹង និង ក្រុងតាខ្មៅ និង មានការតាមតំបន់សេវាទូរសព្ទ័ (location) របស់ជំនាញ អហផទជាប្រចាំកម្លាំងអហ និងក្រុមគ្រួសារជនរងគ្រោះក៏ជួបប្រទះជនល្មើស និងជនរងគ្រោះនៅ ចំណុចឃាត់ខ្លួនខាងលើ ហើយក៏នាំគ្នាចូលទៅរំដោះជនរងគ្រោះ។  ពេលនោះជនសង្ស័យរត់កាត់វាស្រែតែត្រូវកម្លាំងយើងសហការជាមួយកម្លាំងនគរបាលប៉ុស្តិពទ្ធ័ចាប់ខ្លួនតែម្តង»។

ក្មេងប្រុសនោះមានឈ្មោះ តាំង ជុំសុហទ័យ ត្រូវជាក្មួយប្រុសរបស់មន្រ្តីជាន់ខ្ពស់អាវុធហត្ថមួយរូបនៅខេត្តកំពង់ចាមផងដែរ​។ 

បច្ចុប្បន្នជនសង្ស័យចាប់ជំរិតនេះ កំពុងស្ថិតក្រោមការសាកសួរ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកណ្តាល៕