(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជាទទួលបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាជនកម្ពុជាចូលរួមអបអរសាទរ ខួបលើកទី២២ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាព នយោបាយ និងសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ និងសុខដុមរមនា ក្នុងសង្គមជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត រយៈពេលជាង៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។

ភាពជោគជ័យដែលកម្ពុជាទទួលបាននៅថ្ងៃនេះ មិនត្រឹមតែជានិមិត្តរូបនៃវឌ្ឍនភាពនិងមោទនភាពជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពរជ័យសម្រាប់ប្រជាជន និងជាចលករជំរុញបន្ថែមឱ្យកម្ពុជា សម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។

យើងខ្ញុំទាំងអស់គ្នាសូមយកឱកាសនេះ សម្តែងនូវមនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅ និងសូមប្រែក្លាយការដឹងគុណនេះមកជាការប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារសមិទ្ធផល និងមរតកដ៏មានតម្លៃរបស់សង្គមជាតិ និងមាតុភូមិកម្ពុជាឱ្យបានគង់វង្សសម្រាប់ប្រជាជនខ្មែរគ្រប់ៗជំនាន់។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រៃកែវទាំងបី សូមតាមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត សម្រាប់ មាតុភូមិជាទីស្នេហានៃយើង។