(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ និងស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំស្តីពីការពង្រឹងការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកលនេះ ដោយចង្អុលចំមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន។

សារាចរណែនាំស្តីពីការពង្រឹងការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកលនេះ មានសេចក្ដីណែនាំដូចខាងក្រោម៖

១៖ បន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

២៖ បង្កើនការគ្រប់គ្រងគ្រប់គោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។

៣៖ បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពង្រឹងគុណភាពសេវាទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផលឲ្យបានសមរម្យ។

៤៖ បន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍បានណែនាំបន្ថែមដល់គ្រប់មន្ទីរទេសចរណ៍ នៅពេលទទួលបានសារាចរណែនាំនេះហើយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើនេះឲ្យបានលទ្ធផលល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

គួរជម្រាបថា ទោះបីស្ថិតក្នុងដំណាក់វិបត្តិកូវីដ-១៩ សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញាវិជ្ជមាននៃការងើបឡើងដ៏ឆាប់រហ័ស (លើកលែងតែក្នុងរយៈពេលនៃព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា) ដែលបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែកផងដែរ ជាពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋាន។

ទន្ទឹមនឹងនេះ ក៏មានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗជាច្រើន ដែលមានលក្ខណៈច្នៃប្រឌិត (Creative and Innovative) ពិសេសរមណីយដ្ឋានទេសចរណ៍ ដែលមានការកែច្នៃបែបកសិទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ បន្ថែមពីលើគោលដៅទេសចរណ៍ដែលមានស្រាប់នានាជាច្រើននៅតាមបណ្តារាជធានី-ខេត្ត។

តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង (ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង) នឹងមានចំនួនប្រមាណ ៩ លាននាក់ ថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕