(ភ្នំពេញ)៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោកស្រី Sonali Jain-Chandra។

សូមបញ្ជាក់ថា ក្រុមការងារនេះគឺជាក្រុមការងារ Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមកធ្វើការវាយតម្លៃលើ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០១៦ ចាប់ពីចាប់ពីថ្ងៃទី១៧-២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី Sonali Jain-Chandra បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំមកកម្ពុជាលើកនេះ ក្រុមការងារនឹងជួបធ្វើការពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នមួយចំនួន ដើម្បីប្រមូលព័ត៌មាន និងវិភាគអំពីស្ថានភាព និងការវិវឌ្ឍថ្មីៗ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងការធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចរួមនៅឆ្នាំ២០១៦ ដោយផ្តោតសំខាន់លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យហិរញ្ញវត្ថុ និងធនាគារ និងសារពើពន្ធ។ លោកស្រីក៏បានសំដែងនូវអំណរគុណចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងបានផ្តល់កិច្ចសហការល្អក្នុងភាពជាដៃគូដ៏ជិតស្និទ្ធជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ ពិសេសក្រសួងតែងបានជួយសម្របសម្រួលឱ្យ ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានធ្វើការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ ពិសេសការបន្តផ្តល់ជាជំនួយផ្នែកបច្ចេកទេសជាបន្តបន្ទាប់ របស់មូលនិធិរូបិយវត្ថុអន្តរជាតិចំពោះប្រទេសកម្ពុជា។

លោក វង្សី វិស្សុត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តសម្រេចបានកំណើនខ្ពស់ ប្រកបដោយភាពរឹងមាំ និងភាពធន់ នៅក្នុងរយៈពេលមធ្យមខាងមុខ ទោះបីកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដូចជាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលក៏ដោយ។ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៥ អាចសម្រេចបានក្នុងរង្វង់ ៦.៩%។ កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦នេះ ត្រូវបានព្យាករថា នឹងអាចសម្រេចបានក្នុងរង្វង់ ៧% ទោះបីវិស័យកសិកម្ម អាចនឹងបន្តប្រឈមមុខជាមួយនឹងការធ្លាក់ចុះនៃកម្ពស់ទឹកទន្លេ និងមានការគំរាមកំហែងខ្លះពីបញ្ហាអាកាសធាតុក៏ដោយ។ បន្ទាប់មកលោករដ្ឋមន្រ្តីស្តីទី ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិជាមួយលោកស្រីប្រធានក្រុមការងារ អំពីហានិភ័យនៃវិស័យមីក្រូហិរញ្ញវត្ថុ និងអចនលទ្រព្យនៅកម្ពុជាផងដែរ។ 

លោក វង្សី វិស្សុត បានស្នើសុំដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការបន្តផ្តល់ជំនួយផ្នែកបច្ចេកទេសជាបន្តទៀតដល់កម្ពុជា ជាពិសេសនៅក្នុងវិស័យសារពើពន្ធ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម ព្រមទាំងការវិភាគម៉ាក្រូសេដ្ឋកិច្ច។ 

នៅចុងបញ្ចប់ លោករដ្ឋមន្រ្តីស្តីទី ក៏បានជូនពរឱ្យក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ទទួលបានជោគជ័យ និងផ្លែផ្កា ដូចបានគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០១៦នេះ៕