(ប៉ៃលិន)៖ បើទោះបីជាបញ្ហាជំងឺកូវីដ-១៩ រំខានដល់អាជីវកម្ម និងមុខរបរប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែកសិករវៃឆ្លាតមួយគ្រួសាររស់នៅខេត្តប៉ៃលិន គឺអ្នកស្រី គឹម សុគន្ធា និងលោក ហឿង សុគា បានបង្កើតកសិដ្ឋានចិញ្ចឹមទាកាប៉ា និងមាន់ស្រែទំហំសមល្មមមួយ ដើម្បីរកចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។

គ្រួសារកសិករខាងលើរស់នៅក្នុងភូមិអូរខ្ទឹង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានប្រាប់ឲ្យដឹងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះថា ពួកគាត់បានចិញ្ចឹមទាកាប៉ាជាង ១,០០០ ក្បាល និងមាន់ស្រែជាង ១,០០០ ក្បាលដែរ ព្រមទាំងមានមាន់ខ្មៅ (សាច់ក៏ខ្មៅ ឆ្អឹងក៏ខ្មៅ) នៅលើដីចម្ការរបស់បងប្អូនគាត់ផងដែរ។

អ្នកស្រី គឹម សុគន្ធា បានរៀបរាប់បន្តថា អ្នកស្រី និងប្តីបានទៅដេកចាំមើលចម្ការឱ្យបងប្អូននៅក្នុងភូមិខាងលើ ហើយក៏រកវិធីដើម្បីឱ្យជីវភាពប្រសើរជាងមុន ទើបពេលបើកបានប្រាក់ឈ្នួលពីម្ចាស់ចម្ការកាលពីឆ្នាំ២០១៩ ក៏យកទៅទិញពូជទាកាប៉ា និងពូជមាន់ស្រែមកចិញ្ចឹមតែម្តង។ ចិញ្ចឹមមុនដំបូង មានតែទាកាប៉ាត្រឹម ១២ ក្បាលប៉ុណ្ណោះ និងមាន់ស្រែតិចតួច លុះយូរៗទៅក៏ចេះតែកើតកូនច្រើនឡើងៗជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ២០២០ លក់បានថវិកាសម្រាប់សងបំណុលគេ និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។

អ្នកស្រីបានបន្តថា សត្វទាកាប៉ាមួយក្បាលលក់ក្នុងតម្លៃ ១២,០០០ ទៅ ១៣,០០០ រៀល (មួយក្បាលមានទម្ងន់ ២.៥ ទៅ ៣ គីឡូក្រាម) បើលក់រាយក្នុងភូមិបាន ១ គីឡូក្រាម តម្លៃដល់ទៅ ១៥,០០០ រៀល។ ចំណែកមាន់ស្រែវិញ លក់ក្នុងមួយក្បាលតម្លៃ ១៧,០០០ ទៅ ១៨,០០០ រៀល ដោយក្នុងមួយខែៗលក់អស់ជាច្រើនក្បាលជាហូរហែ គិតជាទឹកប្រាក់ប្រហែល ៣-៤ លានរៀល ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែធូរធាបន្តិចម្តងៗ អាចហូបចុកគ្រប់គ្រាន់ ឱ្យកូនរៀនសូត្រចេះដឹងនឹងគេ ទោះបីជាជំងឺកូវីដ-១៩ កំពុងកើតឡើងក៏គ្មានបញ្ហានោះដែរ។

ចំពោះការចិញ្ចឹមសត្វទាកាប៉ា និងមាន់ស្រែទាំងនេះ រហូតមកដល់ពេលឥលូវ គឺទាកាប៉ាកើនឡើងជាង ១,០០០ ក្បាល និងមាន់ស្រែកើនឡើងជិត ១,០០០ ក្បាលដែរ។

កសិករខាងលើបានរៀបរាប់ទាំងទឹកមុខញញឹមបន្តទៀតថា គាត់ក៏បានចិញ្ចឹមសត្វមាន់សាច់ខ្មៅ ឆ្អឹងខ្មៅជាច្រើនក្បាលផងដែរ ដោយយកពូជមកពីខេត្តបន្ទាយមានជ័យ ហើយមាន់មេសាច់ខ្មៅ ១ ក្បាល ទម្ងន់ជាង ១ គីឡូក្រាម អាចលក់បានក្នុងតម្លៃ ៥ ម៉ឺនរៀល និងមាន់ឈ្មោលសាច់ខ្មៅ ១ ក្បាលលក់បានតម្លៃ ១០ ម៉ឺនរៀល រីឯកូនមាន់សាច់ខ្មៅតូចៗ ១ ក្បាល លក់តម្លៃ ៨,០០០ រៀល ព្រោះសាច់មាន់ប្រភេទសាច់ខ្មៅឆ្អឹងខ្មៅនេះមានរសជាតិឆ្ងាញ់ ហើយត្រូវថ្នាំព្យាបាលរោគថែមទៀត។

លោកស្រី គឹម សុគន្ធា នឹងពង្រីកកសិដ្ឋានមួយនេះដែរនៅថ្ងៃខាងមុខ មិនត្រឹមតែចិញ្ចឹមទាកាប៉ា មាន់ស្រែ និងមាន់សាច់ខ្មៅឆ្អឹងខ្មៅប៉ុណ្ណោះទេ គាត់នឹងរៀបចំចិញ្ចឹមសត្វក្ងានថែមទៀត ព្រោះធំលក់បានថ្លៃ ពោលគឺ ១ ក្បាល អាចលក់បានចាប់ពី ៧ ទៅ ១០ ម៉ឺនរៀលឯណោះ៕