(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិរបស់កម្ពុជាទាំងមូល។

ពរជ័យនេះ ត្រូវបានលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថានឹងក្លាយជាចំណែកមួយ ជួយរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ តែចំពោះការរុញច្រានបានក្នុងកម្រិតណានោះ គឺអាស្រ័យលើកត្តាចំនួនពីរ គឺបរិមាណនៃការផលិត និងតម្លៃប្រេងលើទីផ្សារ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «យើងត្រូវការបង្កើនការវិនិយោគ លើវិស័យសំខាន់ៗជាច្រើនបន្តទៀត ចំណូលដែលបានមកពីវិស័យផលិតប្រេងនេះ នឹងចូលរួមចំណែកក្នុងកម្រិតណាមួយ លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ»។

លោក មាស សុខសេនសាន បានចាត់ទុកការក្លាយខ្លួន ជាប្រទេសផលិតប្រេងរបស់កម្ពុជា ក្នុងចំណោមប្រទេសមួយចំនួនតូចលើពិភពលោក គឺជាមោទភាពរបស់ខ្មែរគ្រប់រូប ដែលបានទន្ទឹងរង់ចាំរយៈពេល៣០ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ១៩៩០មក។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានលើកឡើងថា ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី នៃការទទួលបានតំណក់ប្រេងលើកដំបូងនេះ គឺពិតជាកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពីដំណឹងដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជាទាំង គឺការទទួលបានតំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានដំណើរការបូមបានដោយជោគជ័យ។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។

ក្រៅពីចំណូលបន្ថែមដោយបានពីតំណក់ប្រេងនេះ កម្ពុជាក៏នឹងមានប្រភពចំណូល ពីធនធានធម្មជាតិបន្ថែមទៀត គឺប្រភពចំណូលបានពីរ៉ែមាស ដែលនឹងត្រៀមធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ដែលអាចផលិតថាមពលអគ្គិសនី បានយ៉ាងហោច៣០០ ទៅ៤០០មេហ្គាវ៉ាត់ ដោយប្រើធ្យូងថ្ម ខណៈបច្ចុប្បន្នធ្យូងថ្មនេះកម្ពុជា ត្រូវទិញពីក្រៅប្រទេស៕