(ភ្នំពេញ)៖ មន្រ្តីធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ក្រដាស់ប្រាក់ ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង ១០០រៀលគ្រប់ប្រភេទទាំងអស់ នៅតែចរាចរនៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់របស់មន្រ្តីធនាគារជាតិនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួនបានបំផុសថា ក្រដាស់ប្រាក់ ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង១០០រៀល ដូចបង្ហាញនៅក្នុងរូប ត្រូវបានបញ្ឈប់ការធ្វើចរាចរណ៍។

មន្រ្តីធនាគារជាតិនៃកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រដាស់ប្រាក់ប្រភេទ១០ម៉ឺនរៀល ត្រូវបានបោះពុម្ពផ្សាយចំនួន ២លើក ហើយក្រដាស់ប្រាក់ ៥ម៉ឺនរៀល ត្រូវបានបោះពុម្ពផ្សាយចំនួន ៣លើក ហើយក្រដាស់ប្រាក់ ដែលបានបោះពុម្ពផ្សាយនេះ នៅតែអាចចរាចរក្នុងប្រទេសកម្ពុជា។

មន្រ្តីរូបនេះ បានបញ្ជាក់ថា «ដូចមានចែងក្នុងមាត្រា៤៣ និង ៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ [...] ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន[...]»

មន្រ្តីបានបន្តថា តាមមាត្រាខាងលើ ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ។

មន្រ្តីធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងផងដែរថា ធនាគារជាតិ តែងតែធ្វើការបោះពុម្ពក្រដាស់ប្រាក់ថ្មីៗ ដើម្បីបំពេញតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ ហើយក្រដាស់ប្រាក់ថ្មីៗ ក៏បានធ្វើទំនើបកម្ម ធ្វើយ៉ាងណាគុណភាពក្រដាស់ប្រាក់មានគុណភាពល្អ។

មន្រ្តីរូបនេះបានអះអាងថា ការខិតខំធ្វើទំនើបកម្មលើក្រដាស់ប្រាក់នេះ គឺក្នុងគោលបំណងទាញអារម្មណ៍ពលរដ្ឋខ្មែរ ឲ្យនាំគ្នាគាំទ្រ និងងាកមកប្រើប្រាស់ក្រដាស់ប្រាក់របស់ខ្មែរ កុំឲ្យនិយមក្រដាស់ប្រាក់បរទេស៕