(កំពង់ឆ្នាំង)៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ពលករដែលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចក្តាឡីស័កនៅខេត្តកំពង់ឆ្នាំងមានចំនួន ៤០នាក់ ក្នុងនោះចំនួន៣៧នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលកម្រិត២សាលាគំរូ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយឡែកចំនួន ៣នាក់ទៀតធ្វើចត្តាឡីស័កតាមផ្ទះនៅស្រុកបរិបូណ៌។

ថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក៏បានអំពាវនាវផងដែរដល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ សូមចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីកុំឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍ផងដែរ។

ដោយឡែកលោក ងិន ចាន់សារ៉េត ប្រធានមណ្ឌលចត្តាឡីស័ក កម្រិត២សាលាគំរូក្រុង បានឱ្យដឹងថា នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត២សាលាគំរូក្រុង គិតត្រឹមថ្ងៃទី២៧ ខែធ្នូ កំពុងគ្រប់គ្រងនិងព្យាបាលពលករ ដែលធ្វើចត្តាឡីស័កសរុបចំនួន៣៦នាក់ ក្នុងនោះមានស្រី៧នាក់ ហើយក៏មានកុមារពីរនាក់ផងដែរ គឺប្រុសម្នាក់ស្រីម្នាក់។ ប៉ុន្តែពលករទាំងអស់ខាងលើនេះពុំមែនជាពលករ ដែលមកពីខេត្តសាមុតសាខន ប្រទេសថៃនោះទេ គឺមកពីខេត្តផ្សេងទៀតក្នុងប្រទេសថៃដែរ។

មណ្ឌលចត្តាឡីស័កកម្រិតពីនេះ មានបន្ទប់សរុបចំនួន១០បន្ទប់ ហើយក៏កំពុងរៀបចំបន្ទប់ថែម១០ទៀត ដើម្បីត្រៀមទទួលអ្នកធ្វើចត្តាឡីស័ក។ លោកបានបញ្ជាក់ទៀតថា គ្រូពេទ្យដែលកំពុងប្រចាំការពិនិត្យ និងព្យាបាលអ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលសាលាគំរូក្រុងនេះសរុបមានចំនួន៣ក្រុម ដែលក្នុងមួយក្រុមមានពី ៣នាក់ ទៅ៤នាក់ ក្នុងនោះដែរ ក៏មានអ្នកស្ម័គ្រចិត្តដែលជាគ្រូពេទ្យចូលនិវត្តន៍ចំនួន១១នាក់ផងដែរ។

ដោយឡែកចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនេះ គឺបានធ្វើតេស្តអវិជ្ជមានម្ដងរួចហើយពីព្រំដែនដូច្នេះគម្រប់១៤ថ្ងៃ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យ ជាលើក ទី២ម្ដងទៀត បើពិនិត្យទៅអវិជ្ជមានកូវី១៩ នោះនឹងអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ។

ចំពោះពលករ២នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសាលាគំរូក្រុង បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកស្នាក់នៅធ្វើចត្តាឡីស័កនេះពុំមានផលលំបាកអ្វីទេ គឺត្រូវបានរគ្រូពេទ្យឧបត្ថម្ភអាហារ៣ពេលយ៉ាងត្រឹមត្រូវ ហើយក៏មានកន្លែងសម្រាកកន្លែងមុជទឹក និងកន្លែងបត់ជើងយ៉ាងត្រឹមត្រូវផងដែរ។

ពួកគាត់ក៏បានថ្លែងអំណរគុណផងដែរដល់គ្រូពេទ្យ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលបានជួយឧបត្ថម្ភថវិកា សម្រាប់ទិញអាហារដល់ពួកគាត់ដែលកំពុងធ្វើចត្តាឡីស័ក តាមវិធានការក្រសួងសុខាភិបាលផងដែរ៕