(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីស្រាយបំភ្លឺ ជុំវិញវីដេអូទំនាស់រឿងដើមស្វាយ រវាងម្ចាស់ផ្ទះជាន់ក្រោម១៧អឺ និងម្ចាស់ផ្ទះជាន់លើ១៧អឺ១ ស្ថិតនៅផ្លូវ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចេញស្រាយបំភ្លឺនេះ ក្រោយមានការផ្សព្វផ្សាយ និងចែករំលែកខ្សែរវីដេអូខ្លីនេះ តាមរយៈបណ្តាញសង្គម (Facebook) ដែលធ្វើឲ្យមានការយល់ច្រឡំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ខណៈដែររឿងនេះ បានកើតឡើងតាំងពីឆ្នាំ២០១៤ ហើយអាជ្ញាធរក៏បានដោះស្រាយរួចរាល់ដែរ។

រដ្ឋបាលសង្កាត់បឹងសាឡាង សូមធ្វើការបកស្រាយ ដូចខាងក្រោម៖

ខ្សែរវីដេអូទំនាស់នេះ គឺជាខ្សែរវីដេអូចាស់តាំងពីឆ្នាំ២០១៤មកម្លេះ ហើយក៏ជាខ្សែរវីដេអូ ដែលពុំទាន់ទទួលបានការដោះស្រាយពីសាលាសង្កាត់។

ក្រោយពីមានទំនាស់ ដូចមានក្នុងវីដេអូ (វីដេអូចាស់ឆ្នាំ២០១៤) រដ្ឋបាលសង្កាត់បឹងសាឡាង បានអញ្ជើញភាគីទាំងពីរ មកផ្សះផ្សារសំរុះសំរួល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៣រសៀល ដោយមានសមាសភាពចូលរួម៖

១៖ ដើមចោត ជា សុគន្ធជាតិ (ម្ចាស់ផ្ទះជាន់លើ ១៧អឺ១)
២៖ ចុងចម្លើយ ជឹម សុខហ៊ាង (ម្ចាស់ផ្ទះជាន់ផ្ទាល់ដី ១៧អឺ)
៣៖ អ្នកចូលរួម លោក ហ៊ីង ពន្លក (សមាជិកក្រុមប្រឹក្សា)
៤៖ អ្នកធ្វើកំណត់ហេតុ លោក ទី ផូរ៉ាត់ (មន្ត្រីទទួលបន្ទុកការងារយុត្តិធម៌)
៥៖ ចៅសង្កាត់បឹងសាឡាង លោក អ៊ុង សន

អត្ថន័យកំណត់ហេតុមានដូចខាងក្រោម៖

១៖ ភាគី (ម្ចាស់ផ្ទះជាន់លើ ១៧អឺ១ អ្នកប្តឹង) ឈ្មោះ ជា សុគន្ធជាតិ យល់ព្រមឲ្យភាគី (ម្ចាស់ផ្ទះជាន់ផ្ទាល់ដី ១៧អឺ ម្ចាស់ដើមស្វាយ) ឈ្មោះ ជឹម សុខហ៊ាង ឈប់ដកដើមស្វាយ ដែលទំនាស់នេះចេញ។ តែមិនអនុញ្ញាឲ្យដើមស្វាយនេះ ខ្ពស់ហួសដំបូលយ៉ាប។

២៖ ភាគី (ម្ចាស់ផ្ទះជាន់ផ្ទាល់ដី ១៧អឺ ម្ចាស់ដើមស្វាយ) ឈ្មោះ ជឹម សុខហ៊ាង បានសន្យាថា មិនឲ្យដើមស្វាយឡើងខ្ពស់ហួសដំបូលយ៉ាប់ឡើយ បើថ្ងៃក្រោយមានគងលើសំយ៉ាប ឯកភាពឲ្យឈ្មោះ ជា សុគន្ធជាតិ កាប់មែកនោះចោល ដោយគ្មានជំទាសឡើយ។

*បើសិនណាថ្ងៃក្រោយ ភាគីណាមួយពុំអនុវត្តតាមកំណត់ហេតុខាងលើ ភាគីនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ បញ្ចប់កំណត់ហេតុនេះ នៅវេលាម៉ោង០៤៖៣០រសៀល ថ្ងៃខែឆ្នាំដូចខាងលើ អានសេចក្តីទាំងស្រុង ឲ្យគូរភាគីទាំងសងខាងស្តាប់ ឆ្លើយឯកភាពថា ត្រឹមត្រូវ ហើយផ្តិតមេដៃស្តាំ ទុកជាភស្តុតាងនៅចំពោះមុខ។ រឿងនេះ ក៏បានបញ្ចប់សព្វគ្រប់ ក្រោយពីលោកចៅសង្កាត់ បានចុះហត្ថលេខា (សូមមើលរូបកំណត់ហេតុដែលបានបញ្ចប់រឿង)។ ដោយសារបច្ចុប្បន្ន ខែធ្នូ ឆ្នាំ២០២០ (៦ឆ្នាំកន្លងមក) ដើមស្វាយនោះដុះខ្ពស់ហួសពីសំយ៉ាបទៅលើ ទើបភាគីម្ចាស់ផ្ទះខាងលើ ជា សុគន្ធជាតិ បានប្រាប់ឲ្យឈ្មោះ ជឹម សុខហ៊ាង ឲ្យកាប់មែកដែលដុះផុតសំយ៉ាបនោះចេញ។

ក្នុងខណៈនេះភាគីទាំងសងខាង នៅតែមានទំនាស់ពាក្យសំដីរវាងគ្នា និងគ្នា ទើបភាគីខាងម្ចាស់ផ្ទះខាងក្រោម យកវីដេអូចាស់តាំងពីឆ្នាំ២០១៤ ដោយឲ្យម្ចាស់ Account Facebook ឈ្មោះ អ៊ី សុភី បង្ហោះសារជាថ្មីឲ្យមានការភាន់ច្រលំពីប្រជាពលរដ្ឋទូទៅ។ ដើម្បីឲ្យជ្រាបច្បាស់ រដ្ឋបាលសង្កាត់សូមភ្ជាប់ជូន មកជាមួយនៅរូបមួយចំនួនទាក់ទង និងឆ្នាំ២០១៤ ក៏ដូចជារូបបច្ចុប្បន្ន។

រដ្ឋបាលសង្កាត់បឹងសាឡាង សូមអំពាវនាវដល់ប្រជានពលរដ្ឋ និងគេហទំព័រមួយចំនួន ឈប់មានការភាន់ច្រលំលើខ្សែរវីដេអូនេះ តទៅទៀត៕