(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់ទៅទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឯកសារលោក ចាន់ យ៉េត ឲ្យគ្រប់ជាសិន ហើយប្រសិនបើរកឃើញថាបុគ្គលនេះមិនព្រមដកខ្លួនចេញពីរឿងដីធ្លី និងបោកប្រាស់អ្នកដ៏ទៃទេនោះ នឹងត្រូវចាប់ខ្លួនភ្លាមៗ។

លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅលោក ចាន់ យ៉េត ប្រធានគណបក្សនយោបាយមួយ ឲ្យដកខ្លួនឲ្យឆ្ងាយ អំពីរឿងដីធ្លីនៅភូមិជង្រុក និងការបោកប្រាស់អ្នកដទៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើចង់ត្រូវសមត្ថកិច្ចចាប់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំប្រាប់ឯកឧត្តម ឱម យ៉ិនទៀង រកឯកសារឲ្យគ្រប់បើ ចាន់ យ៉េត មិនព្រមកែទេ ត្រូវចាប់ខ្លួន ចាន់ យ៉េត ភ្លាម។ ហើយបង្ហាញភ័ស្ដុតាងបញ្ជាក់ប្រាប់ទៅថា អ្នកឯងបោកប្រាស់គេអីខ្លះ រហូតប្រាប់ថាបានមកធ្វើការគៀកនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អ្នកដែលពាក់ព័ន្ធជាមួយ ចាន់ យ៉េត ប្រយ័ត្នក្រែងគេចាប់ដោយ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ជម្លោះដីធ្លីនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានអ្នកពាក់ព័ន្ធច្រើន ប៉ុន្ដែមួយចំនួនបានដកខ្លួនចេញ ខណៈលោក ចាន់ យ៉េត មិនព្រមដកខ្លួន ទើបសម្ដេចទូលថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកតំណែងចេញពី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់តែម្ដង មិនអាចទុកឲ្យនៅបែបនេះបានទេ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅលោក ចាន់ យ៉េត និងបក្ខពួកទៀតថា កុំគិតថាធ្វើអ្វី និយាយអ្វីសម្ដេចមិនដឹងនោះ ពោលគ្រាន់តែសម្ដេចមិនទាន់បញ្ចេញតែប៉ុណ្ណោះ ព្រោះការយកឈ្មោះរបស់នាយករដ្ឋមន្ដ្រី ទៅបោកប្រាស់គេបែបនេះ គឺខុសធ្ងន់ខ្លាំងណាស់។

គួរជម្រាបថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ យ៉េត បានប្រកាសថា ខ្លួន និងសហការី ឈប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅតំបន់បឹងជង្រុក និង៦៧១ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទៀតហើយ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តទៅ។

លោក ចាន់ យ៉ត បានសន្យាថា ប្រសិនបើទៅថ្ងៃក្រោយរូបលោក និងសហការី ព្រមទាំងក្រុមការងារគណបក្សនគរប្រជាធិបតេយ្យ នៅតែមានការពាក់ព័ន្ធក្នុងកិច្ចការងារនៅមូលដ្ឋានបឹងជង្រុក និង៦៧១ ទៀតនោះ រូបលោក និងសហការី ព្រមទាំងក្រុមការងារទាំងអស់គ្នា នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

យ៉ាងណាក៏ដោយ បើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពេលប្រកាសនេះ លោក ចាន់ យ៉េត មិនបានឈប់ពាក់ព័ន្ធនឹងករណីដីធ្លីខាងលើនោះទេ ដោយលោកនៅតែឈរនៅពីក្រោយករណីនេះដដែល៕