(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចបានជួបពិភាក្សាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយកំណត់ស្តង់ដារគម្លាតត្រឹម ១ម៉ែត្រកន្លះឡើង ជំនួសឱ្យការកំណត់ចំនួនមនុស្សជួបជុំ ដើម្បីទប់ស្កាត់កូវីដ-១៩ នៅកម្ពុជា។

ក្នុងពិធីថ្លែងសារពិសេសមួយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្សិលមិញ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់យើង ហើយបានពិភាក្សាជាមួយនឹងសម្តេចក្រឡាហោម ស ខេង ថាយើងគួរយកគោលស្តង់ដារមួយ គឺយកស្តង់ដារគម្លាតសុវត្ថិភាពចាប់ពី ១,៥ម៉ែត្រឡើងទៅ ព្រោះអញ្ចេះបើយើងកំណត់ជាចំនួនមនុស្សថាមិនឱ្យលើស ១០០នាក់ ចុះឧទាហរណ៍ពហុកីឡដ្ឋានអូឡាំពិក ដែលមានទំហំធំ មិនឱ្យលើស១០០នាក់ តើធ្វើម៉េចទៅ? […] អញ្ចឹងអីឡូវយើងគិតជាស្តង់ដារអញ្ចេះវិញ ស្តង់គម្លាតចាប់ពី ១,៥ម៉ែត្រឡើងទៅ ដូច្នេះថ្ងៃក្រោយយកគោលមួយស្តង់ដារគម្លាតសុវត្ថិភាព»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ករណីកំណត់ការជួបជុំក្រោម ១០០នាក់ មិនអាចយកទៅអនុវត្តបាននៅគ្រប់ទីតាំងនោះឡើយ ព្រោះទីតាំងខ្លះតូច ទីតាំងខ្លះធំ ដូច្នេះ ប្រមុខរដ្ឋាភិបាលបានតម្រូវឱ្យគិតទៅលើស្តង់ដារគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះ ជាជាងគិតលើបរិមាណមនុស្ស។

ករណីអាពាហ៍ពិពាហ៍អាចរៀបចំបាន ដោយមួយតុ ត្រូវបន្ថយពី១០នាក់ មកនៅត្រឹម៥នាក់ ហើយជាមួយគ្នា សម្តេចបាន រំលឹកឲ្យពលរដ្ឋបន្ត គោរពគម្លាតសុវត្ថិភាព។ «ពេលប្រជុំអង្គុយឃ្លាតគ្នា ប៉ុន្តែពេលចេញប្រជ្រៀតគ្នាចេញ»។ នេះជាការកត់សម្គាល់បន្ថែមសម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ការរក្សាបាននូវគម្លាតសុវត្ថិភាព គឺអាចបញ្ចៀសបានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ការជួបជុំក្នុងកម្មវិធីផ្សេងៗអាចប្រព្រឹត្តិទៅបាន ដែលធ្វើឱ្យមានចរន្តសេដ្ឋកិច្ចដំណើរការបានយ៉ាងល្អផងដែរ ប៉ុន្តែ មិនត្រូវបំភ្លេចអនុវត្តនូវស្តង់ដារសុវត្ថិភាពជាដាច់ខាត។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរពិនិត្យមើលអ្នកចំណូលថ្មីក្នុងមូលដ្ឋានខ្លួន ហើយត្រូវចាត់ចែងឱ្យធ្វើចត្តាឡីស័កបើពួកគាត់តើមកពីក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ និងអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកជាថ្មីនូវវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ផងដែរ។ ជាពិសេសត្រូវអនុវត្តនូវវិធានការណ៍៣ ការពាររួមមាន៖ ពាក់ម៉ាស, លាងដៃជាមួយទឹកអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះឡើង ហើយក្រៅពីនោះអ្នកដែលត្រូវធ្វើចត្តាឡីស័កក៏ត្រូវអនុវត្តឱ្យបានគ្រប់ចំនួន ១៤ថ្ងៃ ដោយមិនត្រូវគេចវេះកន្លែងធ្វើចត្តាឡីស័កនោះទេ៕