(ភ្នំពេញ)៖ ស្ដ្រីឈ្មោះ ពេជ្រ ឡាង ហៅ ឡេង ម៉ុម ជាអាជីវករលក់ដូរនៅផ្សារត្រែងត្រយឹង រស់នៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា ខ្លួនជាអ្នកគាំទ្រ និងជាសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ។ លោកស្រី បានបញ្ជាក់ថា ការចោទប្រកាន់នេះ គឺជារឿងមិនពិតនោះទេ។

លោកស្រី ពេជ្រ ឡាង ហៅ ឡេង ម៉ុម បានបញ្ជាក់ថា រូបលោកស្រីមិនមែនជាអ្នកគាំទ្រ ឬសមាជិករបស់អតីតគណបក្សប្រឆាំងនោះទេ ហើយលោកស្រី ក៏មិនដែលធ្វើសកម្មភាពអ្វីផ្ទុយពីច្បាប់ ឬជឿតាមការញុះញង់ ឬធ្វើសកម្មភាពនយោបាយអ្វីនោះឡើយ ពោលលោកស្រីគ្រាន់តែអាជីវករធម្មតាម្នាក់ នៅផ្សារត្រែងត្រយឹងប៉ុណ្ណោះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅពេលធ្វើដំណើរមកដល់ទីស្នាក់ការកណ្ដាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ពេជ្រ ឡាង ដែលមានស្វាមីជាមន្ដ្រីយោធាដែរនោះ បានអះអាងយ៉ាងដូច្នេះថា «កន្លងទៅមានការចោទប្រកាន់ថា ខ្ញុំជាសមាជិកបក្សប្រឆាំង ត្រង់ចំណុចនេះខ្ញុំសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ»

លោកស្រី ពេជ្រ ឡាង បានបញ្ជាក់ថា តាំងពីដើមរហូតមកដល់ពេលនេះ លោកស្រី និងក្រុមគ្រួសារ គឺពិតជាមានចិត្តស្មោះត្រង់ គោរពស្រលាញ់ និងគាំទ្រលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងតែងតែចូលរួមចំណែកគ្រប់សកម្មភាពមនុស្សធម៌ផ្សេងៗ។

លោកស្រីបានបន្ថែមថា សារព័ត៌មានដែលបានចុះផ្សាយលាបពណ៌រូបលោកស្រី និងក្រុមគ្រួសារ ថាជាអ្នកគាំទ្រអតីតបក្សប្រឆាំងនោះ ក៏ធ្លាប់បានចេញមកសុំទោសលោកស្រីជាសាធារណៈវិញផងដែរ៕