(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនដល់បងប្អូនអតីតយុទ្ធជនទាំង២០គ្រួសារ នៅក្នុងស្រុកកោះអណ្តែតដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ថ្លែងនៅចំពោះមុខបងប្អូនអតីតយុទ្ធជន លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខចំពោះ អតីតយុទ្ធជននៅ គ្រប់ទីកន្លែង ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលមានការខ្វះខាត និងកំពុងតែត្រូវការជំនួយ ក្នុងដំណាក់កាលដែលពួកគាត់ជួបការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយត្រី បានណែនាំដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សារអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវកូវីដ១៩នេះ។

គួបញ្ជាក់ថា សម្ភាររបស់លោក ហ៊ុន ម៉ាណែត ដែលយកចែកជូនដល់បងប្អូនអតីតៈយុទ្ធជន ដោយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ ០៨មុខ និងថវិកាចំនួន ៥ម៉ឺនរៀល៕