(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានសន្យាបន្តខិតខំធ្វើការដោះស្រាយជូនប្រជាពលរដ្ឋថែមទៀត ពាក់ព័ន្ធនិងបញ្ហាផ្សេងៗ រួមមាន៖ បរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។

ការលើកឡើងរបស់លោកអភិបាលខណ្ឌចំការមនបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ព្រំ សំខាន់ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានក្រុមយោធាភូមិភាពពិសេសប្រចាំខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ ផ្សារទាំង ០២ និងមន្ត្រីពាក់ព័ន្ធ។

អភិបាលខណ្ឌចំការមន បានលើកឡើងថា ក្នុងវេទិការសាធារណៈ ដែលប្រជាពលរដ្ឋមានការស្នើរសុំពាក់ព័ន្ធនិងបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជា ការកាប់លះមែកឈើ ការស្តារប្រឡាយលូនៅតាមបណ្តោយផ្លូវមួយចំនួន រដ្ឋបាលខណ្ឌបានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីបានចុះធ្វើការងារទាំងនោះបានមួយចំនួន និងកំពុងបន្តធ្វើបន្ថែមទៀត។

ពាក់ព័ន្ធនិងការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយលួបឹងត្របែកឲ្យរដ្ឋបាលខណ្ឌ ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស លោកបានឲ្យដឹងថា រដ្ឋបាលខណ្ឌបាន សហការជាមួយ មន្ទីរសុខាភិបាលរាជធានី បានចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋផងដែរ លោកអភិបាលខណ្ឌ ក៏បានសំណូមពរអោយប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយបឹងត្របែក លើកជាសំណើរមករដ្ឋបាលខណ្ឌបន្តទៀត ប្រសិនណាបើនៅមានការខ្វះចន្លោះចំនុចណាទៀត លោកនឹងស្នើឲ្យមន្ទីរសុខាភិបាលចុះជាបន្តបន្ទាប់ទៀត។

លោកអភិបាលខណ្ឌ បានបន្ថែមឲ្យដឹងថា សុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាអទិភាពចំបង ដែលក្នុងនាមអាជ្ញាធរត្រូវតែចាំបាច់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ព្រំ សំខាន់ បានលើកឡើងថា បញ្ហាសំរាមនៅ លើអាកាស គឺជាបញ្ហាប្រឈមមួយដែលពិបាកធ្វើការដោះស្រាយ ជាពិសេសក្រៅពីការកាប់លះមែកឈើ គឺខ្សែកាប ខ្សែប្រព័ន្ធអីនធើណេតខ្វាត់ខ្វែង នៅតាមវិថីសំខាន់ៗ មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ដែលអាជ្ញាធរត្រូវតែបន្តធ្វើការដោះស្រាយជួនប្រជាពលរដ្ឋដើម្បីសោភណ្ឌភាពផង និងបង្ការនៅពេលមានគ្រោះអគ្គីភ័យកើតឡើងបន្តាលមកពីខ្សែរភ្លើងទាំងអស់នោះ។

ពាក់ព័ន្ធនិងការស្តារប្រឡាយលូផ្សារដើមថ្កូវក៏ជាគំរោងមួយដែលនៅថ្ងៃអនាគតឆាប់ៗនេះ រដ្ឋបាលរាជធានីនិងត្រូវធ្វើ ស្តារប្រឡាយលូទាំងអស់ឡើងវិញ ដូច្នេះអាជ្ញាធរខណ្ឌត្រូវត្រៀមឲ្យបានរួចរាល់ផងដែរសំរាប់ជួយសំរួល ដល់ប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយ ទៅតាមលទ្ធភាពជាក់ស្តែងនៅពេលនោះ។

គួរបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ឆ្នាំ២០២០ និងផែនការលទ្ធកម្មឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន
៤-ពិនិត្យនិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីបុគ្គលិក រដ្ឋបាលខណ្ឌចំការមន
៥-បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះ ក៏មានការប្រកាសផ្ទេរភារកិច្ចមន្ត្រីរាជការ ដោយ លោក ទូច ខាន់ដា ត្រូវផ្ទរភារកិច្ចពីអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ មកជាអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌចំការមន៕