(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំគោលការណ៍អនុញ្ញាត «បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។

ស្របតាមបរិបទនៃការវិវឌ្ឍជាក់ស្តែងនៃឌីជីថលូបនីយកម្មរបស់កម្ពុជា, កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្លាស់ប្តូរទស្សនទាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន, វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ។
អង្គប្រជុំក៏បានពិភាក្សាពីការគ្រប់គ្រង និងការប្រើប្រាស់នូវបន្ទារហ្វ្រេកង់ស៍ ៧០០ MHz ដែលមានភាពបន្ស៊ីគ្នាទៅនឹងការបង្កើតថ្នាល ទូរទស្សន៍ឌីជីថលថ្មីផងដែរ ។

កិច្ចប្រជុំ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ០៤ រួមមាន៖

១៖ ការអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលឱ្យបានមុនឆ្នាំ ២០២៣,
២៖ ការគ្រប់គ្រងនូវការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍ ៧០០ MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ឌីជីថល, ប្រព័ន្ធអ៊ីនធើណេត និងទូរស័ព្ទចល័ត,
៣៖ យន្តការគ្រប់គ្រង និងវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលថ្មី
៤៖ ការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋា-រចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុង រយៈពេលមធ្យម និងវែង ក៏ដូចជាពិភាក្សាពីលទ្ធភាពនៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ ការវិនិយោគក្នុងវិស័យពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល ។

ជាលទ្ធផល, ចំពោះយន្តការគ្រប់គ្រង និងការវិនិយោគលើថ្នាលទូរទស្សន៍ឌីជីថលថ្មី, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងប្រៀបធៀបនូវជម្រើសយន្តការចំនួន ០៣ (បី) ផ្សេងគ្នា រួមមាន៖
១៖ យន្តការគ្រប់គ្រង និងវិនិយោគដោយវិស័យឯកជនទាំងស្រុង,
២៖ យន្តការសហការចម្រុះរវាងវិស័យរដ្ឋ-ឯកជន និង/ឬ
៣៖ យន្តការគ្រប់គ្រង និងវិនិយោគដោយរដ្ឋទាំងស្រុង ។

ជាមួយគ្នានេះ, អង្គប្រជុំក៏បានថ្លឹងថ្លែងលើអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃជម្រើសនីមួយៗ និងបានឯកភាពថា៖ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាធាតុផ្សំគន្លឹះ និងចាំបាច់ សម្រាប់ការអភិវឌ្ឍក្នុងវិស័យសោត- ទស្សន៍របស់កម្ពុជា ។ ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ ប្រកបដោយជោគជ័យ គឺជាកិច្ចការដ៏មានសារ-សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដែលការណ៍នេះ មិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ច ឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើនភាពប្រកួតប្រជែង ដែលទ្រទ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់យន្តការ នៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការក្នុងប្រទេស ក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលដឹកនាំដោយក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលបានខិតខំ សម្របសម្រួលការងារដ៏មានសារសំខាន់នេះ និងបានណែនាំឱ្យក្រុមការងាររៀបចំអនុសាសន៍ ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីបន្តនីតិវិធីគោរពស្នើសុំ ការអនុម័តពីប្រមុខរាជរដ្ឋាភិបាល៕