(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាលខេត្ត ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជាអ្នកចិញ្ចឹមទានៅភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងបាននាំយកថ្នាំបាញ់លាប់មេរោគមួយចំនួន ជូនដល់កសិករចិញ្ចឹមទា ដើម្បីយកទៅប្រើប្រាស់ក្នុងការបាញ់សំលាប់មេរោគនៅតាមទ្រុងចិញ្ចឹមទាការពារសុខភាពទារផងដែរ។

លោក អ៊ុក សំណាង បានថ្លែងថា នៅថ្ងៃនេះក្រុមមន្ត្រីជំនាញបានចុះជួបកសិករចិញ្ចឹមទា និងបានធ្វើការណែនាំពីវិធានការការពារសុខភាពសត្វជាពិសេសក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួលសីតុណ្ហភាពមានការចុះត្រជាក់ខ្លះៗនេះ រួមទាំងណែនាំពីរបៀបប្រើប្រាស់ថ្នាំបាញ់សំលាប់មេរោគឱ្យមានប្រសិទ្ធភាពល្អ។

ជាមួយគ្នានេះលោកក៏បានបានសាកសួរ និងពិភាក្សាជុំវិញកង្វល់នានាពីសំណាក់កសិករ និងទទួលយកការសំណូមពររបស់កសិករចិញ្ចឹមទាផងដែរ។ ហើយសូមឱ្យកសិករទាំងអស់មានការអត់ធ្មត់ទ្រាំការប្រឈមបញ្ហាចំពោះមុខនេះបន្តិច ក្នុងស្ថានភាព ដែលមានបញ្ហាពងទាមានការចុះថ្លៃនេះ។

លោកបានបន្ថែមថាជាទូទៅ ជារៀងរាល់ឆ្នាំក្នុងកំឡុងចុងខែវិច្ឆិកា និងខែធ្នូនេះ រមែងតែងតែមានការចុះថ្លៃខ្លះហើយ គ្រាន់តែឆ្នាំកន្លងទៅចុះថ្លៃមែនប៉ុន្តែមានឈ្មួញនៅដើរប្រមូលទិញអស់ៗ មិននៅសល់យូរឡើយ ដោយឡែកឆ្នាំនេះមានការចុះថ្លៃហើយឈ្មួញប្រមូលទិញមិនអស់ដោយមាននៅសល់ ខ្លះរយៈពេលជិត ១សប្តាហ៍ទើបឈ្មួញមកទិញយកអស់ ហើយក្នុងតម្លៃទាបធ្លាក់ដល់ ២៧៥ រៀល ក្នុងគ្រាប់ពងតូច ពងធំល្អអាចតម្លៃ ២៩០រៀលក្នុងមួយគ្រាប់។

លោក អ៊ុក សំណាង បានបញ្ជាក់ថា ដោយសាតែឆ្នាំនេះមានស្ថានភាពមានការប្រែប្រួលខុសពីឆ្នាំមុនៗកន្លងមក គឺឆ្នាំនេះមានបញ្ហាឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩ រាតត្បាត នៅពាសពេញតំបន់ និងពិភាពលោក ដែលធ្វើឱ្យមានការកាត់បន្ថយការជួបជុំគ្នា កាត់បន្ថយបុណ្យទានពិធីជប់លៀងនានា ជាពិសេសពិធីរៀបអាពាហ៍ពិពាហ៍ ទេសចរណ៍។ល។ សាលារៀនគ្រប់កម្រិតក៏ត្រូវផ្អាក ដំណើការរៀនសូត្របណ្តោះអាសន្នមិនដំណើការរៀនសូត្រ ការចរាចរណ៍ទេសចរណ៍ត្រូវបានការបន្ថយស្ទើអស់ ដែលជាមូលហេតុចំបង ធ្វើឱ្យអ្នកធ្វើការកែច្នៃចំណីអាហារមួយចំនួនដែលប្រើវត្ថុធាតុដើមជាមួយពងទា ដូចជានំបុង័ នំពងទា នំពារជាដើម។ល។ ត្រូវបានកាត់បន្ថយការផលិតយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ រីឯចំពោះម្ហូបអាហារនានាដែលធ្វើឡើងជាមួយពងទាមួយចំនួនធំ ក៏ត្រូវការបន្ថយផងដែរដូចជា៖ ពងទាចៀនសម្រាប់ការលក់បាយនៅតាមសាលារៀន លក់លតឆា លក់ស៊ុបជាដើម រួមជាមួយអាហារដ្ឋានមួយចំនួនធំបានផ្អាក់ការលក់ដូរដោយលក់មិនដាច់ នេះហើយសុទ្ធតែជាមួយលហេតុ ដែលនាំឱ្យពងទាចុះថ្លៃក្នុងកំឡុងជំងឺកូវីដ-១៩ នេះ។

លោកបន្ថែមទៀតថា ក្រៅពីនេះនៅដើមឆ្នាំ២០២០នេះ ក៏មានសន្ទុះតម្លៃពងទាកើនឡើងថ្លៃមួយរយៈពេលមកនោះបានធ្វើឱ្យកម្លាំងចិត្តអ្នកចិញ្ចឹមទាមួយចំនួនធំបានបង្កើនដើមទុនបន្ថែមទ្រុង និងបរិមាណទាចិញ្ចឹមបន្លែមយ៉ាងច្រើនថែមទៀត ធ្វើឱ្យបរិមាណនៃការចិញ្ចឹមទា និងបរិមាណពងទាកើនឡើងច្រើន ស្ទើរ ១គុណ២ នឹងស្ទើរនៅគ្រប់ស្រុកគ្រប់តំបន់ និងខេត្តថែមទៀត ក្នុងខណៈ អ្នកដែលប្រមូលទិញពងទា មិនមានការកើនឡើងរួមទាំងអ្នកប្រើប្រាស់ផលិតផលពងទា មានការថយចុះយ៉ាងច្រើននេះ ហើយជាមួយហេតុមួយចំនួនដែលមានឥទ្ធិពលធ្វើឱ្យពងទាមានតម្លៃទាបនោះ មិនមែនដូចការនិយាយតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook មួយចំនួនបាននិយាយថាចុះថោកដោយសារមានពងទាវៀតណាម ចូលមកទើបធ្វើឱ្យពងទាខ្មែរ ចុះថោកនោះទេ បើនៅតាមព្រំដែននីមួយៗ ត្រូវបានរឹតបន្តឹងការឆ្លងដែនមិនឱ្យមានការឆ្លងកាត់ទៅវិញទៅមកនោះឡើយ។

លោក អ៊ុក សំណាង សង្ឃឹមថាក្នុងបរិបទជំងឺកូវីដ-១៩ មានការស្ងប់ស្ងាត់ទៅវិញនោះរាជរដ្ឋាភិបាលអាចបើកឱ្យដំណើការសកម្មភាពនានាឡើងវិញនោះនឹងអាចអ្វីៗ បានក្លាយមកសភាពដូចធម្មតាវិញជាក់ជាមិនខាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨នេះ សង្កេតឃើញមាន ឡើងថ្លៃបានខ្លះៗដែរ ហើយដោយមានឈ្មួញខ្លះចាប់ផ្តើមប្រមូលទិញពងទាក្នុងតម្លៃពងតូចតម្លៃ២៩០រៀល ក្នុង១គ្រាប់ ពងធំ មានតម្លៃ៣០០រៀល ក្នុង១គ្រាប់ជាបណ្តើៗវិញហើយ៕