(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើរអញ្ជើញទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក នៅទីស្នាក់ការកណ្តាលថ្មីអង្គភាពព័ត៌មាន Fresh News ដើម្បីជាការអបអរសាទរ និងស្វែងយល់ពីដំណើរការអង្គភាពព័ត៌មានមួយនេះ។ វត្តមានរបស់លោកឧត្តមសេនីយ៍ឯក ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាល។

ក្នុងដំណើរទស្សនកិច្ចនេះលោកឧត្តមសេនីយ៍ឯក បានអញ្ជើញទស្សនកិច្ច និងពិនិត្យគ្រប់ទីតាំងនៃការិយាល័យដោយមានការអមដំណើរ និងបង្ហាញដោយលោក លឹម ជាវុត្ថា។

ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីដែលជាអគារលើកដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។

ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ។

ក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីបានអញ្ជើញទស្សនកិច្ច និងការបង្ហាញរបស់លោក លឹម ជាវុត្ថានេះ លោកឧត្តមសេនីយ៍ឯក បានបង្ហាញការកោតសរសើរចំពោះការគិតគូរ រៀបចំការិយាល័យ និងការដឹកនាំរបស់នាយកប្រតិបត្តិវ័យក្មេងអង្គភាព។ លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ការរៀបចំនេះជាភាពឆ្លាតវៃ ប៉ិនប្រសប់ និងធ្វើឱ្យបុគ្គលិករីករាយក្នុងការបំពេញការងារ។

លោក ម៉ៅ សុផាន់ បានកោតសរសើរផងដែរ ចំពោះការរីកចម្រើនរបស់អង្គភាពព័ត៌មាន Fresh News ក្នុងរយៈពេលខ្លី។ លោកបានលើកឡើងព័ត៌មានជាចំណីអារម្មណ៍ ហើយរូបលោកតែងតាមដានជាប់ជាប្រចាំព័ត៌មានពី Fresh News។ «Fresh News ព័ត៌មានសម្បូរ និងលឿន ព្រឹកឡើងខ្ញុំតែងមើល Fresh News ជាប្រចាំ។ សូមសរសើរពីការផ្តល់ព័ត៌មានរបស់ Fresh News លឿនណាស់»។ លោកឧត្តមសេនីយ៍ឯកគូសបញ្ជាក់។

លោក ម៉ៅ សុផាន់ ក៏បានឆ្លៀតយកឱកាសនេះជូនពរលោក លឹម ជាវុត្ថា ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពព័ត៌មាន Fresh News ទាំងអស់ក្នុងឱកាសចូលឆ្នាំសកល មានសុខភាពល្អ ហើយក៏ជូនពរឲ្យអង្គភាពព័ត៌មាន Fresh News បន្តឈរជើងរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងលើសមរភូមិព័ត៌មាន។

ក្នុងឱកាសនេះលោក លឹម ជាវុត្ថា បានបង្ហាញក្តីរីករាយ និងគោរពអរគុណយ៉ាងអនេកចំពោះលោកឧត្តមសេនីយ៍ឯក ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងបានផ្តល់ការណែនាំមួយចំនួនដើម្បីពង្រឹងការងារព័ត៌មាន៕