(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារយីហោ ហៃយ៉ាត់ ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌នៃទីក្រុង ដោយប្រកាសពីការត្រៀមខ្លួន រួចជាស្រេចបើកទ្វារស្វាគមន៍ភ្ញៀវ។

អង្គភាពព័ត៌មាន Fresh News បានរៀបចំកិច្ចសម្ភាសពិសេសមួយជាមួយលោក ហ៊ៃម៉ាន់ ខិម អ្នកគ្រប់គ្រងទូទៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ស្តីពី៖ «ការត្រៀមខ្លួនរួចជាស្រេច របស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងការបើកទ្វារស្វាគមន៍ភ្ញៀវ» ដូចខាងក្រោម៖

១៖ សូមលោករៀបរាប់ពីប្រវត្តិសង្ខេបនៃ ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន និងដើមកំណើតនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ?

លោក ហ៊ៃម៉ាន់ ខិម៖ ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេ លំដាប់ពិភពលោក ដែលគ្រប់គ្រងទៅលើយីហោសណ្ឋាគារប្រណីតចំនួន២០ រួមមាន ផាក ហៃយ៉ាត់ ហ្រ្គេន ហៃយ៉ាត់ អាលីលា និងអ៊នដាស់ ដែលនេះយើងរៀបរាប់តែបួនយីហោតែប៉ុណ្ណោះ។ ជាមួយនឹងទីតាំង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហ៊ាយ៉ាត់ ហូថែល ខបភើរេស៊ិន ដែលមានជាង ៩០០ទីតាំងនៅក្នុង៦៥ប្រទេស ទូទាំងទ្វីបទាំង៦នេះ។ សណ្ឋាគាររបស់យើងផ្តល់ជូនបន្ទប់ស្នាក់ នៅដែលមានភាពទាន់សម័យ ការស្នាក់នៅយ៉ាងសម្បូរបែប និងភោជនីយដ្ឋានដែលមានភាពច្នៃប្រឌិតខ្ពស់ និងបារផងដែរ។ ក្រឡេកមើលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ វិញ ដែលជាសណ្ឋាគារយីហោ ហៃយ៉ាត់ ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៍នៃទីក្រុង។ សណ្ឋាគាររបស់យើងមានបន្ទប់ស្នាក់ នៅសរុបចំនួន ២៤៧បន្ទប់ និងបន្ទប់ស្វីតចំនួន ៤៣ ដែលត្រូវបានរចនាឡើងឆ្លុះបញ្ចាំង ពីការបញ្ជូលគ្នានៃស្ថាបត្យកម្មចម្រុះ សម័យកាលដ៏សម្បូរបែប។

២៖ តើអ្វីទៅជាលក្ខណៈពិសេសនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នេះ?

លោក ហ៊ៃម៉ាន់ ខិម៖ អ្វីដែលធ្វើឲ្យសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លេចធ្លោជាងគេនោះគឺ វីឡាសម័យអាណានិគមបារាំង ដែលត្រូវបានអភិរក្សជាកន្លែង ទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលផ្ដល់ជូនភ្ញៀវនូវទស្សនីយភាព អំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង ក៏ដូចជាបទពិសោធន៍ ដែលមិនអាចបំភ្លេចបាន។ ចំនុចពិសេសមួយទៀតរបស់យើងនោះ គឺ ភោជនីយដ្ឋានដែលបម្រើជូនម្ហូបអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសាររួមមាន The Attic បារ៍ ដែលស្ថិតនៅជាន់ទី២ នៃវីឡាសម័យអាណានិគមបារាំង។ Market Café & Lounge មានបម្រើអាហារដ៏ឆ្ងាញ់ពិសាពេញមួយថ្ងៃ។ ចំណែកឯភោជនីយដ្ឋានជាន់ដំបូល FiveFive Rooftop & Bar ដែលស្ថិតនៅជាន់ទី១៤ អាចមើលឃើញទេសភាពដ៏ត្រកាល នៃព្រះបរមរាជវាំង ទន្លេចតុមុខ និងទេសភាពដ៏អស្ចារ្យនៃអគារខ្ពស់ៗ នៅក្នុងទីក្រុង។ ភោជនីយដ្ឋាននៅជាន់ដំបូលនេះ បម្រើជូនអាហារដែលប្រើប្រាស់ជម្រើសសាច់ ដែលល្អបំផុតនៅក្នុងទីផ្សារ អាហារសមុទ្រដ៏ឆ្ងាញ់ និងស្រាក្រឡុកប្រចាំហាង ក៏ដូចជាការសម្តែងរបស់ឌីជេ នាពេលរាត្រីផងដែរ។

៣៖ តើអ្នកដំណើរបែបធុរកិច្ច ក៏ដូចជាអ្នកដំណើរបែបទេសចរណ៍ នឹងទទួលបានបទពិសោធន៍អ្វីខ្លះ ពីសណ្ឋាគារដែលអាចជួយជម្រុញ ដល់ការធ្វើដំណើររបស់ពួកគេ ឲ្យបានកាន់តែរលូន?

លោក ហ៊ៃម៉ាន់ ខិម៖ យើងធានាថារាល់ការស្នាក់នៅ និងបទពិសោធន៍នានា យើងផ្តល់ជូនភ្ញៀវរបស់យើង គឺសុទ្ធសឹងតែជាបទពិសោធន៍លំដាប់ផ្កាយប្រាំ ដែលអាចជួយបំបាត់ភាពតានតឹងរបស់ភ្ញៀវ ពោរពេញទៅដោយផាសុកភាព និងមានភាពងាយស្រួល រួមជាមួយនឹងការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុត។

៤៖ តើសណ្ឋាគារមានផ្តល់ទីតាំង និងសេវាកម្មប្រភេទណាខ្លះ ដែលសាកសម និងផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវបែបធុរកិច្ច?

លោក ហ៊ៃម៉ាន់ ខិម៖ បើនិយាយពីទីតាំងសម្រាប់រៀបចំកិច្ចប្រជុំ និងកម្មវិធីនានាវិញ យើងមានទីតាំងដែលមានទំហំជាង ១៤០០ ម៉ែត្រការ៉េ សម្រាប់រៀបចំកម្មវិធីសន្និសីទធុរកិច្ច ក៏ដូចជាកម្មវិធីជួបជុំនានាផងដែរ។ សាលប្រជុំដ៏ទំនើបរបស់យើង ដែលអាចទទួលភ្ញៀវ បានទៅដល់៣០០នាក់ ត្រូវបានតុបតែងយ៉ាងប្រណិត ដោយមានបំពាក់នូវបង្អួច ពីបាតដល់ពិដាន ក៏ដូចជាអេក្រង់ LED ជាប់ជញ្ជាំងដែលមានទំហំធំបំផុត នៅក្នុងទីក្រុងផងដែរ។ បន្ទប់ប្រជុំនីមួយៗអាចបត់បែន ទៅតាមតម្រូវការរបស់អតិថិជន ដែលយើងអាចរៀបចំជាការជួបជុំបែបក្រុមតូច ឫមួយក៏កម្មវិធីធំៗក៏បានដែរ។ បន្ថែមពីលើសាលប្រជុំ យើងក៏មានបន្ទប់ប្រជុំនៅជាន់ផ្ទាល់ដី និងជាន់ទីមួយដែលរចនាឡើង ដោយអាចឲ្យពន្លឺព្រះអាទិត្យចែងចាំងចូលគ្រប់គ្រាន់ និងបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ សម្រាប់ការធ្វើកិច្ចប្រជុំតាមវីដេអូយ៉ាងរលូន ហើយថែមទាំងមានប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿនបំផុត នៅក្នុងទីក្រុងផងដែរ។ ទីតាំងស្រស់ស្អាតមួយទៀតនោះ គឺនៅ poolhouse ដែលយើងអាចរៀបចំកម្មវិធីនៅខាងក្រៅជិតអាងហែលទឹក ជាមួយនឹងការអាំងសាច់ និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ។

៥៖ បន្ថែមពីលើការផ្តល់ភាពងាយស្រួល និងសម្បូរបែបក្នុងការរៀបចំកម្មវិធីសម្រាប់ធុរកិច្ច និងពាណិជ្ជកម្មនានា តើសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី មានផ្តល់សេវាកម្ម និងបដិសណ្ឋារកិច្ចផ្សេងៗទៅកាន់ភ្ញៀវ?

លោក ហ៊ៃម៉ាន់ ខិម៖ សម្រាប់អតិថិជនដែលស្វែងរកកន្លែង ដែលអាចបំពេញថាមពលឡើងវិញ ធ្វើទំនាក់ទំនង ក៏ដូចជាលំហែកាយនោះ សណ្ឋាគារយើងផ្តល់ជូននូវសេវាកម្ម ដែលអាចបន្ធូរភាពតានតឹង រួមមានអាងហែលទឹកនៅខាងក្រៅ ដែលមានទំហំដល់ទៅ២២ម៉ែត្រ ហ៊ុំព័ទ្ធទៅដោយទេសភាពរុក្ខជាតិពណ៌បៃតង យ៉ាងខៀវស្រងាត់ បារស្ថិតនៅជិតអាងហែលទឹក និងក្លឹបហាត់ប្រាណ២៤ម៉ោង ក៏ដូចជា Jivapita ស្ប៉ាដែលផ្តល់ជូននូវប្រភេទស្ប៉ាដងខ្លួន និងផ្ទៃមុខជាច្រើនប្រភេទ និងការស្ប៉ាពិសេសបែប ហិម៉ាឡៃយ៉ាន។

៦៖ នៅកំឡុងពេលបើកដំណើរការនេះ តើសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី មានផ្តល់ជូនភ្ញៀវនូវអ្វីពិសេសខ្លះ?

លោក ហ៊ៃម៉ាន់ ខិម៖ នៅកំឡុងពេលបើកដំណើរការនេះ សណ្ឋាគាររបស់យើងនឹងផ្តល់នូវកញ្ចប់ស្នាក់នៅ Staycation ដែលផ្តល់ជូនជាពិសេស សម្រាប់អតិថិជនក្នុងស្រុក។ យើងក៏មានកញ្ចប់ហ្គហ្វ (Golf) ពិសេសដែលផ្តល់ជូនទៅកាន់អតិថិជនក្នុងស្រុក ក៏ដូចជាជនបរទេសដែលស្នាក់នៅក្នុងស្រុកផងដែរ។ កញ្ចប់ចុងក្រោយគឺ កញ្ចប់ វេលនេស អេសស្គេប (Wellness Escape) ដែលផ្តល់ជូននូវអាហារ ភេសជ្ជៈ និងកម្មវិធីកម្សាន្តជាច្រើនទៀត រួមបញ្ចូលទាំងអាហារពេលព្រឹក និងអាហារពេលយប់ ក៏ដូចជាទទួលបានសេវាកម្មស្ប៉ាដ៏ប្រណិត របស់យើងផងដែរ។ បើសិនជាយើងក្រឡេកមើលកញ្ចប់ទាំងបីនេះ យើងផ្តោតសំខាន់ទៅលើការរួមបញ្ចូលគ្នា នូវសេវាកម្មទាំងអស់នៃសណ្ឋាគារ មានដូចជាសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្ប៉ា រួមទាំងកម្មវិធីសុខភាពជាច្រើន ដូចនេះភ្ញៀវរបស់យើងនឹងទទួល បានគ្រប់បទពិសោធន៍ទាំងអស់។

 ៧៖ អនាម័យ គឺជាចំណុចសំខាន់ នៅក្នុងការប្រតិបត្តិការនៃវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក្រឡេកមកមើលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី វិញ តើសណ្ឋាគារមានវិធានការការពារអ្វីខ្លះ ក្នុងការធានាឲ្យបាននូវសុវត្ថិភាព និងសុខុមាលភាពខ្ពស់ជូនទៅដល់ភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារ?

លោក ហ៊ៃម៉ាន់ ខិម៖ សម្រាប់សណ្ឋាគារយើងផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺកូវីដ១៩ យើងប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការធានាឲ្យបាននូវអនាម័យ និងសុវត្ថិភាពខ្ពស់បំផុត ស្របទីតាមគោលការណ៍អនាម័យ និងសុវត្ថិភាពជាសកលរបស់ហៃយ៉ាត់ ដែលេប្រនហៃយ៉ាត់ពិភពលោក ទទួលបានបណ្ណសសើរទាក់ទងនឹងអនាម័យ ដែលទទួលស្គាល់ជុំវិញពិភពលោក។ ឧទាហរណ៍ជាក់ស្តែង គឺយើងតម្រូវឲ្យភ្ញៀវ និងបុគ្គលិកពាក់ម៉ាស់ជាចាំបាច់ ការត្រួតពិនិត្យកម្តៅជាចាំបាច់ប្រចាំថ្ងៃ ការដាក់ជែលលាងសម្អាតដៃ នៅគ្រប់កន្លែងក្នុងសណ្ឋាគារ យើងក៏មានរៀបចំគម្លាតសុវត្ថិភាព នៃទីតាំងអង្គុយក្នុងបន្ទប់ប្រជុំ តាមភោជនីយដ្ឋានរបស់យើង ក៏ដូចជាការចុះឈ្មោះចូលស្នាក់នៅ និងចាកចេញពីសណ្ឋាគារ គឺសុទ្ធតែធ្វើឡើងដោយមិនមានការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយបុគ្គលិក ហើយយើងក៏មានការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ស្តីពីសុខភាពនិងសុវត្ថិភាព។ យើងនឹងផ្តល់ជូនភ្ញៀវនូវឧបករណ៍ការពារផ្ទាល់ខ្លួន រួមមានម៉ាសដែលមានគុណភាពខ្ពស់ ក្រដាសអាកុលអនាម័យ និងគ្រឿងផ្គត់ផ្គង់ផាសុកភាពផ្សេងទៀត នៅពេលដែលពួកគេមកដល់សណ្ឋាគារ។

៨៖ តើជាចុងក្រោយលោកមានអ្វី ចង់និយាយទៅកាន់ភ្ញៀវដែលបម្រុង មកស្នាក់នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ?

លោក ហ៊ៃម៉ាន់ ខិម៖ ជាចុងក្រោយនេះ ក្រុមការងាររបស់យើងរង់ចាំ ទទួលស្វាគមន៍អតិថិជនទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលដែលយើងបើកទ្វារដំណើរការ នៅដើមឆ្នាំ២០២១។ លោកអ្នកអាចទទួលយកបទពិសោធន៍ ម្ហូបអាហារនិងភេសជ្ជៈដ៏ឆ្ងាញ់ពិសារ ការស្នាក់នៅដ៏ប្រណិតពីសណ្ឋាគារយើងខ្ញុំ។ ជួបគ្នាក្នុងពេលឆាប់ៗនេះ៕