(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាខួប២២ឆ្នាំ ដែលកម្ពុជាបានរកឃើញនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិទាំងស្រុង ក្រោយរងការបែកបាក់គ្នាយ៉ាងតិច ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ទុកនយោបាយឈ្នះ-ឈ្នះ ជាមហាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាស្ថាពរនូវដែនដីសុវណ្ណភូមិនៃកម្ពុជា។

សារលិខិតអបអរសាទរទិវារំលឹកខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក អ៉ឹម ឈុនលឹម បានសម្តែងនូវការអបអរសាទរ ប្រកបដោយសេចក្តីរំភេីបរីករាយបំផុត ចំពោះទិវារំលឹកខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ -ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។

លោក អ៉ឹម ឈុនលឹម បានលើកឡើងថា ទិវានយោបាយឈ្នះ-ឈ្នះ ជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរំលត់ភ្លើង សង្គ្រាម និងធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញបរិបូរណ៍ បង្កើតបាននូវឱកាសពេជ្រក្នុងការអភិវឌ្ឍ ជាតិមាតុភូមិ ឲ្យរីកចម្រើនរុងរឿង សម្បូណ៌សប្បាយ ដូចសព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «នយោបាយឈ្នះ-ឈ្នះ គឺជាមហាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាស្ថាពរ នូវដែនដីសុវណ្ណភូមិនៃកម្ពុជា ដែលធ្លាប់បានឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហា សោកស្តាយ អស់ជាច្រេីនសតវត្ស ប្រែក្លាយមកជាការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាព ទឹកដី វឌ្ឍនភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុង សម័យតេជោសន្តិភាព»

លោកបន្តថា «នយោបាយ ឈ្នះ-ឈ្នះ គឺជានយោបាយប្រាកដនិយម ប្រកបដោយការជឿជាក់ ដែលបាននាំមកនូវសន្តិភាពមួយពេញលេញ ប្រកបដោយចីរភាព ហើយសន្តិភាពនេះពិតជានឹងគង់វង្សឋិតឋេរយូរអង្វែងទៅមុខទៀត ជាមួយនឹងការជឿជាក់ របស់សង្គមជាតិទាំងមូល ក្នុងការចូលរួមថែរក្សាការពារសន្តិភាពដ៏ថ្លៃថ្លានេះ ក៏ដូចជាចូលរួមក្នុងគ្រប់ចលនាជាតិធំៗឯទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាទីគោរពស្រឡាញ់ នៃប្រជាជាតិខ្មែរ»

ក្នុងលិខិតអបអរសាទរនេះ តាងនាមសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាននៃក្រុម ប្រឹក្សាធម្មនុញ្ញ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានប្រកាសចងចាំជានិច្ចនូវទិវាជាប្រវត្តិសាស្ត្រនេះ និងរក្សាទុកក្នុងក្រអៅេបះដូងនូវគំរូវីរភាពស្នេហាជាតិដ៏អង់អាចក្លាហានបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងជឿជាក់ចំពោះ ការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងជានិច្ចនិរន្តរ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕