(រតនគិរី)៖ ប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងឃុំទាំង៩ នៃស្រុកវើនសៃ ចំនួន៣៩៦គ្រួសារ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

ពិធីចែកអំណោយមនុស្សមនុស្សធម៌នេះ ប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យវីរៈជ័យ ស្ថិតក្នុងឃុំប៉ុង ស្រុកវើនសៃ ក្រោមវត្តមាន លោក ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី រួមនិងលោក-លោកស្រី អនុប្រធានសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា មន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក ថង សាវុន បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទំាង២តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ទីន្លែងដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

លោក ថង សាវុន បានលើកឡើងថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១ នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះ មាន៖ ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋ ទូទៅឡើយ។ ថ្វីដ្បិតតែនេះជាអំណោយនេះបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។

លោកបន្ថែមទៀតថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ អំណោយមនុស្សធម៌នេះ គឺស្របទៅនឹងការអនុវត្តវិស័យស្នូលទំាង៤ ដើម្បីឲ្យមានភាពកាន់តែប្រសើឡើងធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រ ២០១១-២០២០ របស់ថ្នាក់ជាតិឲ្យទទួលបានជោគជ័យ ស្របតាមសូចនាករ និងគោរពគោលការគ្រឹះទំាង៧គឺ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព ,សកលភាព។

លោក ថង សាវុន ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ ដោយចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់ រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

លោកបានបន្តអំពានាវ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបចុកស្អាត កុំបន្ទោរបង់ពាសវាលពាសកាល សម្រាន្តក្នុងមុង ហើយចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ កាត់បន្ថយការស្លាប់ និងពិការភាព និងជួយអប់រំណែនាំដល់កូនចៅ ឱ្យរស់នៅឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀននឹងបំផ្លាញអនាគតរបស់ក្មេងៗ និងក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ឋទាំង៣៩៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១០កប៉ុង៕