(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀង បែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមសម្ភោធបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានរំដួលវ៉ៃគោ ស្ថិតនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគំរោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា លោកអភិបាលខេត្តតែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិតដូចជា៖ បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។

មន្ត្រីដដែលបញ្ជាក់ថា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋាន ដែលមានតម្លាំទាប និងតម្លៃមធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយឡែកលោក ធា រិន តំណាងគម្រោងវិនិយោគលំនៅដ្ឋានរំដួលវ៉ៃគោ បានឱ្យដឹងថា ខេត្តស្វាយរៀង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដែលមានច្រកទ្វារអន្តរជាតិបាវិត ស្ថិតនៅចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីទីរួមខេត្តខេត្ត ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទេសចរណ៍ ទំនិញចេញចូលរវាងប្រទេសទាំងពីរ គឺកម្ពុជា និងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។

លោកបានបន្ថែមថា វិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើង ទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។ គម្រោងលំនៅដ្ឋានរំដួលវ៉ៃគោ មានទីតាំងស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ប្រសិនបើធ្វើដំណើរពីខាងលិច តាមបណ្ដោយផ្លូវជាតិលេខ១ មកដល់វិទ្យាល័យ ហ៊ុន សែន ចេក បត់ស្ដាំចម្ងាយ ៥០០ម៉ែត្រ ដល់ទីតាំងគម្រោងដែលមានចម្ងាយ ១.៥គីឡូម៉ែត្រ ពីទីរួមខេត្ត និងមានចម្ងាយប្រមាណ ៣.៧គីឡូ ពីផ្សារវាយន្ត ខេត្តស្វាយរៀង និងមានចម្ងាយ ២គីឡូម៉ែត្រ ពីសាកលវិទ្យាល័យស្វាយរៀង។

លោក ធា រិន បានបញ្ជាក់ថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុន គឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ ប្រជាជនក្នុងខេត្តនូវលំនៅឋានដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់នៅបែបសហគមន៍សម័យថ្មី លើកកម្ពស់សោភ័ណភាពទីក្រុង ផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោង និងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង។

លោកបានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរំដួលវ៉ៃគោ ត្រូវបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការរបស់ប្រជាជនឱ្យស្របតាមសក្កានុពល នៃខេត្តស្វាយរៀង ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់សោភ័ណភាពបរិយាកាស និងសុវត្ថិភាពជាអ្វីដែលយើងយកចិត្តទុកដាក់ផ្ដល់ជូនអតិថិជនរ។ ភាពសម្បូរបែបក្នុងគម្រោងនឹងធ្វើឱ្យការរស់នៅមានភាពប្រាស្រ័យទាក់ទងគ្នាល្អ និងប្រកបដោយសុភមង្គលការអភិវឌ្ឍ ដែលមានគម្រោងច្បាស់លាស់ប្រាកដប្រជា និងផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុករបស់អតិថិជន។

គម្រោងជាបណ្ណកម្មសិទ្ធិ កាន់កាប់មិនជាប់ពាក់ព័ន្ធនិងធនាគារ ជាគម្រោងអភិវឌ្ឍន៍ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងគម្រោងមានផ្លូវទោល និងផ្លូវភ្លោះក្រៅបេតុងអមដោយសួនច្បារ មានកន្លែងហាត់ប្រាណសួនលំហែកាយ និងប្រកបដោយដើមឈើបៃតងជាទីសហគមន៍សម័យថ្មី ប្រកបដោយផាសុខភាពផងដែរ៕