(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ទន្ទឹមនឹងនោះ ក្រុមការងារក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារជនរងគ្រោះផងដែរ។ ក្រៅអំពីនេះលោក សុខ សម្បត្តិ ក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់គិតគូរ ពីសុខភាពរក្សាឲ្យបាននូវអនាម័យ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ត្រូវរក្សាឲ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ដោយឡែកសម្រាប់អំណោយមនុស្សធម៌ ដែលបានចែកជូនដល់ជនរងគ្រោះមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ១យូរ,ទឹកត្រី១យូរ, ថវិកាចំនួន៥០ម៉ឺនរៀលពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង១០ម៉ឺនរៀលពីលោក ហួត លាភពិសិដ្ឋ អនុប្រធានក្រុមកាងារចុះជួយសង្កាត់គោករកា៕