(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិ និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងសារពិសេសនាព្រឹកស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រយៈពេលជាងពីរសប្តាហ៍ហើយ ក្រសួងសុខាភិបាលមិនបានរកឃើញអ្នកកើតថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ អ្នកព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤១នាក់ ហើយព្យាបាលជាសះស្បើយ ៣៨នាក់ហើយ។

នៅថ្ងៃទី២៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីតាំងប្រកបអាជីវកម្ម និងទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍នេះទាំងអស់បើកដំណើរការឡើងវិញផងដែរ តែត្រូវប្រកាន់ខ្ជាប់តាមវិធានបង្ការជំងឺកូវីដ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។

ថ្ងៃស្អែកជាខួប ២២ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលដាក់ចេញដោយសម្តេចតេជោផ្ទាល់។

បើតាមលោក ស្វាយ ស៊ីថា ក្នុងសារពិសេសរបស់សម្តេចតេជោនៅថ្ងៃស្អែកនេះ ក្រៅតែពីផ្តោតលើព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយនោះ សម្តេចតេជោ ក៏នឹងលើកឡើងពីសមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះនេះផងដែរ៕