(ភ្នំពេញ)៖ លោក ប៉ាក ចន្ទលីណូ បានចូលកាន់តំណែងជាប្រធាន ជេស៉ីអាយកម្ពុជា ថ្មី (JCI Cambodia) ឆ្នាំ២០២១ បន្ទាប់ពីក្រុមប្រឹក្សាថ្នាក់ជាតិ ឆ្នាំ២០២០ និងប្រធានថ្នាក់តំបន់ឆ្នាំ២០២០ទាំងអស់ ផ្តល់ទំនុកចិត្ត និងជ្រើសរើស។

ពិធីសម្បថបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, លោកជំទាវ ចម និម្មល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា, និងជាអភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម សុខ សប្បាយណា សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ។

ក្នុងឱកាសនោះ លោក ប៉ាក ចន្ទលីណូ បានឡើងប្តេជ្ញាចិត្តពីការឡើងកាន់តំណែងជាប្រធានជេសុីអាយកម្ពុជា។ លោកលើកឡើងថា ការផ្តល់ទំនុកចិត្តនេះ មិនមែនជារឿងចៃដន្យឡើយ។

ប្រធាន ជេស៉ីអាយកម្ពុជាថ្មីរូបនេះ បានបន្ថែមថា លោកបានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្ត ក្នុងស្ថាប័នមួយនេះតាំងពីឆ្នាំ២០១៥មក។ ដោយស្រលាញ់ នូវទស្សនៈវិស័យ និងសកម្មភាពជាវិជ្ជមាន របស់ស្ថាប័នមួយនេះ ជាមេធាវីម្នាក់ លោក ប៉ាក ចន្ទលីណូ បន្តថា លោកមានក្តីរីករាយក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត ក្នុងស្ថាប័នមួយនេះជាប្រចាំ ដោយចាប់ផ្តើមតួនាទីពីប្រធានគម្រោងក្នុងសហគមន៍មួយ មកជាអនុប្រធានសាខា ទីប្រឹក្សាសាខា និងចុងក្រោយជាអនុប្រធានថ្នាក់ជាតិ ក្នុងឆ្នាំ២០២០នេះ។

លោកបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំដឹងច្បាស់ថា តំណែងជាប្រធាននេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវកិត្តិយសប៉ុណ្ណោះទេ តែវាជាទំនួលខុសត្រូវមួយដ៏ធំធេង ដែលខ្ញុំត្រូវតែប្រឈម និងជម្នះឲ្យបាន មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក្នុងការអនុវត្តសកម្មភាពការងាររបស់ជេសុីអាយកម្ពុជា ដើម្បីចូលរួមជារាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសលើវិស័យធុរកិច្ច សង្គមកិច្ច អភិវឌ្ឍន៍ធនធានមនុស្ស សហប្រតិបត្តិការអន្តរជាតិ តាមរយៈគម្រោង និងសកម្មភាពនានារបស់ ជេស៉ីអាយកម្ពុជាផ្ទាល់»៕