(ភ្នំពេញ)៖ ក្រុមជនសង្ស័យធ្វើសកម្មភាពកាត់សោរទ្វារ ចូលលួចយកម៉ូតូអស់ចំនួន ៥គ្រឿងនៅក្នុងក្រុមហ៊ុនលាយបេតុងមួយកន្លែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ហេតុការណ៍បាត់ម៉ូតូខាងលើបានកើតឡើង នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនលាយបេតុង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ម៉ូតូដែលក្រុមជនសង្ស័យលួចយកទៅនោះមានចំនួន ៥គ្រឿង រួមមាន៖ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦, ម៉ាកឌ្រីម សង់ស៊េរីឆ្នាំ២០១៥, ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨, ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ និងម៉ូតូម៉ាកស៊ុយសុគីស្មាស់។

ប្រភពដដែលបានបន្តទៀតថា នៅយប់ថ្ងៃទី២៦ ខែធ្នូនេះ ជនរងគ្រោះដែលជាបុគ្គលិកដែលធ្វើការនៅទីនោះបានទុកម៉ូតូនៅក្នុងបរិវេណខាងលើដូចសព្វដង ព្រោះនៅជុំវិញទីនោះមានរបងចាក់សោរត្រឹមត្រូវដោយគ្មានការព្រួយបារម្ភឡើយ ហើយពួកគេបានចូលសម្រាកនៅកន្លែងរៀងៗខ្លួន។ រហូតមកដល់វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ពេលដែលភ្ញាក់ពីដំណេកមកក៏ស្រាប់តែបាត់ម៉ូតូទាំង ៥គ្រឿងនោះ ទើបនាំគ្នាផ្អើលឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងពិនិត្យមើលតាមរបងទ្វារមានស្មាមកាត់សោររបងទម្លុះដើម្បីយកម៉ូតូចេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅជុំវិញទីនោះ បានឲ្យដឹងថាបទល្មើសដែលកើតមានក្នុងខណ្ឌកំបូលនេះមិនមែនតែ ១ករណីហ្នឹងទេ គឺមានច្រើន ដូចជាករណីដេញវាយកាប់យកទ្រព្យសម្បត្តិ គាស់បន្ទប់ជួល កាច់សោរកម៉ូតូ ជាដើម ហាក់បីដូចអសន្តិសុខណាស់នាពេលកន្លងមក ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកអធិការខណ្ឌកំបូល មេត្តាជួយពង្រឹងការល្បាតពួនស្ទាក់យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត លែងមានការព្រួយបារម្ភ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង ៥នាក់ ដើម្បស្វែងរកមុខសញ្ញាជនសង្ស័យខាងលើ មកចាត់ការតាមនីតិវិធី៕