(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានបង្ហាញការអបអរសាទរចំពោះក្រសួងបរិស្ថាន ដែលបានសម្រេចទទួលយកសត្វដំរី «ខាវ៉ាន់» ពីសួនសត្វប្រទេសប៉ាគីស្ថានមករស់នៅក្នុងដែនជម្រកសត្វព្រៃធម្មជាតិគូលែនព្រហ្មទេព ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅ។

អ្នកជំនាញអារ្យធម៌ខ្មែរបានសង្កត់ធ្ងន់ថា «កាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញអំពីគុណតម្លៃដំរីក្នុងអារ្យធម៌ខ្មែរ»។ នេះបានន័យថា រាជរដ្ឋាភបាលកម្ពុជាក្រោមការដឹកនាំសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្ដី សាយ សំអាល់ គឺបានប្រែក្លាយខាវ៉ាន់ពីដំរីដែលឯកោជាងគេបំផុតលើពិភពលោក មកជាដំរីដែលមានគុណតម្លៃក្នុងអារ្យធម៌ខ្មែរយ៉ាងប្រពៃ ពីព្រោះដំរីមានតួនាទីសំខាន់ណាស់ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ពោលគឺជាក្បួនទ័ពចម្បាំងដ៏រឹងមាំរបស់ចក្រភពខ្មែរនាសម័យបុរាណ។

លោក រត្ន័ សណ្ដាប់ បានបន្ដថា ស្ថិតក្នុងបរិការនេះ បើគេរំលឹកពីដំរីក្នុងប្រវត្ដិសាស្រ្ដខ្មែរនេះទៀតសោត យើងច្បាស់ជានឹកដល់សិលាចារឹកប្រាសាទគោកចក K.521 និង K.956 ក្នុងរាជព្រះបាទជ័យវរ្ម័នទី៣ (គ.ស. ៧៧២) ដែលបានរៀបរាប់ថា «ព្រះអង្គជាក្សត្រស្ទាត់ជំនាញក្នុងការទាក់ដំរីយ៉ាងប្រពៃបំផុត»។ នេះបង្ហាញថាព្រះមហាក្សត្រខ្មែរសម័យនោះ សព្វព្រះរាជហឫទ័យទាក់ដំរី ដើម្បីបញ្ជាក់ពីព្រះរាជសមត្ថភាព និងបំពេញព្រះរាជលក្ខណៈសម្បត្តិជាព្រះរាជាដ៏អង់អាចផងដែរ ដូចយើងឃើញព្រះលានជល់ដំរី ដែលជាទីជ្រើសរើសដំរីខ្លាំងពូកែជាងគេ ជៀសវាងមានគ្រោះថ្នាក់ក្នុងពេលចម្បាំងជាមួយសត្រូវជាភស្ដុតាង។ ប្រមោយដំរីអាចកាន់ដាវលំពែងវាយកម្ចាត់សត្រូវ និងអាចដឹកអាវុធបានយ៉ាងអស្ចារ្យផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដទៀតថា ទន្ទឹមនឹងនេះ បើនិយាយពីប្រព័ន្ធជំនឿខ្មែរទៀតសោត ទាំងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដំរីជាសត្វមង្គលនាំមកនូវលាភសំណាងដល់ព្រះនគរ។ ដំរីក៏ជាយានជំនិះរបស់ព្រះឥន្ទ ដែលជាទេពតំណាងឱ្យពពក ភ្លៀង ខ្យល់ ផ្គររន្ទះ ស្រោចស្រពមកលើផែនដីដល់ជីវិតសត្វលោក។

ហេតុដូច្នេះហើយទើបសត្វដំរីជាសត្វផ្ដល់នូវសិរីមង្គលដ៏ពិសិដ្ឋ និងមានប្រជាប្រិយណាស់ក្នុងសង្គមខ្មែរ ពិសេសបានផ្សារភ្ជាប់អំណាចព្រះរាជា កងទ័ព និងសាសនា ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងចក្រភពអង្គរដ៏រុងរឿងនៃយើង។ ក្រៅពីយានជំនិះក្នុងចម្បាំង ឬយានជំនិះធម្មតា ក៏អាចរក្សាព្រះនគរខ្មែរផងដែរ គឺជាដង្វាយចងសម្ព័ន្ធភាពរវាងប្រទេស និងប្រទេស។

អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ ក៏បានធ្វើការកត់សម្គាល់ផងដែរថា សព្វថ្ងៃ ដោយសារការរីកចម្រើននៃវិទ្យាសាស្រ្ដ ដំរីហាក់កំពុងប្រឈមនូវការបាត់បង់គុណតម្លៃក្នុងអារ្យធម៌ខ្មែរ ជាប្រការគួរឲ្យព្រួយបារម្ភផងដែរ ពីព្រោះបើក្រទ្បេកមើលប្រទេសជិតខាង គឺគេកំពុងយកចិត្តទុកដាក់ថែរក្សាសត្វដំរី និងធ្វើជាផលិតផលទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរបានទៀតផង។

ជាមួយគ្នានោះ លោក រត្ន័ សណ្ដាប់ ក៏បានសំណូមពរដល់រាជរដ្ឋាភិបាលមេត្ដាយកចិត្ដទុកដាក់ថែទាំដំរី ដែលជាអារ្យធម៌ខ្មែរតាំងពីសម័យបុរាណរៀងមក ឲ្យមានភាពស្រស់បំព្រងទ្បើងវិញ ដើម្បីទុកជាកេរមរតកដ៏ប្រពៃថ្លៃថ្លាឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់តរៀងទៅ។

សូមបញ្ជាក់ថា ប្រទេសស្រីលង្កាបានជូនដំរីខាវ៉ាន់មួយនេះដល់ប្រទេសប៉ាគីស្ថាន ដើម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា។ ខាវ៉ានត្រូវបាននាំមកប៉ាគីស្ថាន ដែលពេលនោះមានអាយុត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ដំរីខាវ៉ានបានចំណាយជីវិតក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុព័ទ្ធដោយរបងក្នុងសួនសត្វមួយមានឈ្មោះថា Islamabad ZOO ដោយជើងជាប់ច្រវាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឱ្យសម្តែងទទួលភ្ញៀវ។

ពិភពលោកមានការអាណិតអាសូរខាវ៉ាន់កាន់តែខ្លាំង រហូតដល់ឆ្នាំ២០១២ វាបានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញី សាហេលី (Saheli) ដែលបានងាប់ក្រោយឆ្លងមេរោគពីច្រវាក់ដែលបានដាក់នៅជាប់ជើង។ ក្រោយមរណភាពរបស់សាហេលី ខាវ៉ាន់ត្រូវបានគេប្រសិទ្ធនាមថា «ដំរីដែលឯកោបំផុតក្នុងលោក»

កាលពីបួនឆ្នាំមុន អ្នកចម្រៀងរបស់សហរដ្ឋអាមេរិក Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះខាវ៉ាន់ (Save Kaavan Campaign)។ យុទ្ធនាការនេះបានទទួលការគាំទ្រពីមនុស្សដល់ទៅ ២០០,០០០ នាក់។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ទើបតុលាការប៉ាគីស្ថានបានសម្រេចជ្រើសរើសកម្ពុជាជាជម្រកថ្មីរបស់ដំរីខាវ៉ាន់នេះ បន្ទាប់ពីមានការទាមទាររកសេរីភាពឱ្យវាតាមរយៈប្រព័ន្ធអ៉ីនធឺរណេត ដែលដឹកនាំដោយតារាចម្រៀង Cher តាំងពីឆ្នាំ២០១៦មក។

បច្ចុប្បន្ន ដំរីខាវ៉ាន់ លែងជាដំរីឯកាជាងគេទៀតហើយ តែវាបានក្លាយខ្លួនជាដំរីមហាសំណាងវិញម្ដង ដោយវាកំពុងរស់នៅជាមួយដំរីញីនៅកម្ពុជាដល់ទៅ ៣ ក្បាលឯណោះ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្រោយមានការសម្របសម្រួលពីអង្គការដែនជម្រកសត្វព្រៃកម្ពុជា CWS៕