(កំពង់ឆ្នាំង)៖ អតីតសេនាជន លោក ឌុំ សាំង អាយុ ៦០ឆ្នាំ ដែលជនពិការដៃម្ខាង ភ្នែកម្ខាង និងពីការស្វិតជើងម្ខាង ហើយបានរងគ្រោះធ្លាក់ពីលើចុងត្នោតរងរបួសធ្ងន់ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ បានទទួលថវិកាពីសប្បុរសជន។

ថវិកាសប្បុរសជនត្រូវបានយកទៅជូន ដល់ដៃអតីតសេនាជនដ៏កម្សត់នេះដោយផ្ទាល់ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីលំនៅរបស់លោកក្នុងភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ថវិកាទាំងនេះដែរ ត្រូវបានប្រគល់ជូនតាមរយៈលោក សាយ សន្យា ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ដែលជាអ្នកសរសេរ និងផលិតវីដេអូ ស្តីពីបញ្ហាទុក្ខលំបាករបស់អតីតសេនាជនខាងលើ។

សប្បុរសជនដែលឧបត្ថម្ភ ជូនលោក ឌុំ សាំង រួមមាន៖

* លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ផ្ដល់ថវិកាចំនួន១លានរៀល
* លោក វ៉ាន់ រុំ ចាងហ្វាងការផ្សាយគេហទំព័រ រស្មីឆ្នាំងមាស ជួយឧបត្ថម្ភ ១៩ម៉ឺនរៀលផងដែរ
* លោក អ៊ួន ឆេង ដែលក្នុងនាមជាគ្រូពេទ្យផងនោះ បានចុះទៅព្យាបាល និងផ្តល់ថ្នាំសង្កូវដល់ជនរងគ្រោះទទួលទាន ដោយមិនគិតប្រាក់។

ក្រុមគ្រួសារបុរសរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកព្រះរាជអាជ្ញា និងសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសធម៌ ផ្ដល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់គ្រួសាររបស់ខ្លួន ដែលកំពុងមានទុក្ខ។ ក្រុមគ្រួសារខាងលើ ថែមទាំងថ្លែងអំណរគុណដល់លោកគ្រូពេទ្យ អ៊ួន ឆេងលី ដែលនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានចុះទៅជួយពិនិត្យ និងព្យាបាលដោយផ្ទាល់។

លោក អ៊ួន ឆេងលី គ្រូពេទ្យនៅក្នុងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបានវាស់ឈាមបុរសរងគ្រោះ បុរសរងគ្រោះនោះ មានឈាមជាង ១៥ លើ ៨៥ គឺមានសម្ពាធឈាមខ្ពស់។ ជាមួយនេះដែរ លោកគ្រូពេទ្យក៏បានជូនថ្នាំសម្រាប់ទុកឲ្យលេបរយៈពេល ១៥ថ្ងៃ។

លោក អ៊ួន ឆេង ក៏បានផ្ដល់ដំបូន្មានដល់ភរិយា និងរូបគាត់ឲ្យពិសាថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ដើម្បីឆាប់ជាមុខរបួសហើយលោកគ្រូពេទ្យ ក៏បានទុកលេខទូរស័ព្ទផ្ទាល់ខ្លួនជូនបុរសរងគ្រោះផងដែរ។

សូមបញ្ជាក់ថា លោក ឌុំ សាំង ជាអតីតសេនាជនឃុំគោកបន្ទាយ។ ក្នុងពេលលោកធ្វើជាសេនាជនអំឡុងឆ្នាំ១៩៨៥ ត្រូវបានចាត់តាំងឲ្យឡើងទៅការពារផ្លូវដែកនៅស្រុកទឹកផុស ហើយក្នុងពេលនោះបានប្រយុទ្ធជាមួយទាហាន ប៉ុល ពត នៅចំណុចអូរល្ពៅ ក្នុងឃុំក្រាំងស្គារ និងបានរងរបួសចំនួន ៣ដង ដោយដាច់ដៃខាងឆ្វេង ខ្វាក់ភ្នែកខាងស្ដាំ និងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ។

ក្រោយពេលបញ្ចប់សង្គ្រាម និងរបួសបានជាមកដោយសារជីវភាពក្រីក្រខ្វះខាត លោកក៏បានប្រកបមុខរបរឡើងត្នោតធ្វើស្ករលក់។ ក្រោយមកដោយសារពិបាក ក្នុងការរកអុសមកធ្វើស្ករ គាត់បានដូរមកធ្វើទឹកត្នោតជូរលក់រយៈពេល ១០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃៗបានទឹកត្នោត ១០បំពង់ សម្រាប់លក់ដែលអាចរកចំណូលបានពី ១ម៉ឺនទៅ ១ម៉ឺនប្រាំពាន់រៀល សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ប៉ុន្តែជាអកុសលអាក្រក់នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ពេលគាត់ទៅឡើងត្នោតមួយដើម ដែលមានកំពស់ប្រមាណ ១១ម៉ែត្រ បានវិលមុខធ្លាក់ពីលើចុងត្នោតរងរបួសធ្ងន់។ មកដល់ពេលនេះគាត់ក្រោកមិនរួចទេ គឺមានអាការឈឺក្នុងដើមទ្រូង ដកដង្ហើមមិនចង់រួច ឈឺខ្នង និងចង្កេះ ដោយសារគាត់ធ្លាក់ពីលើចុងត្នោតមក ប៉ះនឹងដើមជ្រៃ នៅពាក់កណ្ដាលដើម ហើយក៏ធ្លាក់បន្តមកដល់ដី។

លោក ឌុំ សាំង និងភរិយា មានកូនចំនួន៥នាក់ ប្រុស១នាក់ ហើយសព្វថ្ងៃកូនបែកចេញអស់ ហើយទៅធ្វើកម្មករឆ្ងាយៗយូរៗ ទើបគេមកលេងកូនគេម្ដងសព្វថ្ងៃ ខណៈពួកគាត់កំពុងទទួលបន្ទុកថែទាំចៅតូចៗចំនួន ២នាក់។ ដោយសារគាត់មិនមានលុយជំងឺគាត់ បានព្យាបាលដោយផឹកថ្នាំខ្មែរនៅផ្ទះ ហើយមកដល់ពេលនេះ គាត់មិនអាចងើបពីកន្ទេលរួចនោះទេ។

គួរជម្រាបផងដែរថា សេនាជននៅសម័យសង្គ្រាមនោះ គឺចេញប្រយុទ្ធដូចយុទ្ធជនអីចឹង។ ប៉ុន្តែខុសគ្នាត្រង់ថា អតីតយុទ្ធជនមានប្រាក់ឧបត្ថម្ភពីរដ្ឋ និងមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ខណៈអតីតសេនាជន ដូចលោក ឌុំ សាំង មិនមានឡើយ៕

សប្បុរសជន ដែលមានបំណងចង់ជួយដល់លោក ឌុំ សាំង អាចទាក់ទងលេខទូរស័ព្ទ 081 539 052 ៕