(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជំរុញអាជ្ញាធរខេត្ត ត្រូវបន្ដផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងពង្រឹងការត្រួតពិនិត្យពលករដែលមកពីប្រទេសថៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងលើកទិសដៅបន្ដ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានណែនាំឲ្យបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ក្រាបការជួញដូរ ប្រើបា្រស់គ្រឿងញៀន និងបទល្មើសនានា។

ក្រៅពីនេះ លោក គន់ គីម បានប្រាប់ឲ្យគណបក្សគ្រប់ថ្នាក់ និងក្រុមការងារ ត្រូវចាត់តាំងធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីពង្រឹងការងារគ្រប់គ្រងសមាជិកបក្ស។ ដោយឡែក ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ត្រូវបន្តចុះទៅមូលដ្ឋាន និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់បានទាន់ពេលវេលា។

គួរជម្រាបថា នៅក្នុងរបាយការណ៍បូកសរុបរបស់គណបក្សប្រជាជនកម្ពុជាខេត្ត បានឲ្យដឹងថាក្នុងឆ្នាំកន្លងមក ថ្វីត្បិតតែខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ពីកូវីដ-១៩ និងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ក៏ខេត្តឧត្តរមានជ័យ ខិតខំជំនះរាល់ការលំបាកសម្រេចបាននូវសមិទ្ធផលធំៗដូចជា៖

*ទី១៖ រក្សាបានសុខសន្តិភាពទាំងនៅក្នុងភូមិសាស្ត្រ និងតំបន់ព្រំដែន

*ទី២៖ ការបង្កបង្កើនផល ធ្វើស្រែបាន ៩៥,៧៨៦ហិចតា ស្មើ១០០ភាគរយ នៃផែនការឆ្នាំ ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ៦២,៨៤៦ហិចតា ស្មើ១០០ភាគរយ លើផែនការឆ្នាំ

*ទី៣៖ អនុវត្តតាមកម្មវិធីរបស់រាជរដ្ឋាភិបាល ខេត្តបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះបាន ១១,១៣៤គ្រួសារ សរុបថវិកា ១១,០៦៨,៦៩២,០០០រៀល។ ឧបត្ថម្ភគោលនយោបាយគាំពារសង្គមចំពោះស្ត្រីមានផ្ទៃពោះ ១,០៧៣នាក់ និងកុមារអាយុក្រោម២ឆ្នាំ ៤២៦នាក់ សរុបថវិកា៦៧១,៣២០,០០០រៀល។ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ១,៧៩៤ គ្រួសារ បានទទួលអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី តាមរយៈលោក គន់ គីម។ ដោយឡែក លោក គន់ គីម បានឧបត្ថម្ភ អង្ករ២០០តោន ក្រម៉ា២ម៉ឺន និងសម្ភារពេទ្យ សរុបជាថវិកាទាំងអស់ជាង៥០០លាន។

*ទី៤៖ ក្រុមការងារ និងគណបក្សបានចុះធ្វើសកម្មភាពនៅមូលដ្ឋានចុះតាមខ្នងផ្ទះ ជួយដោះស្រាយរាល់ការលំបាកជូនពលរដ្ឋ បាន១,៨៩៣លើកចំណាយថវិកា១,៩៧២,៤១០,២០0៛ និង៥៣,១៧០ដុល្លារ។

*ទី៥៖ ពលករឆ្លងដែន ៥០,០៩៦នាក់ ត្រូវបានត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក្ក ៨,៣៧៣នាក់ អ្នកក្រៅពីនេះបានបញ្ជូនទៅធ្វើចត្តាឡីស័ក្កនៅតាមបណ្តាខេត្ត៕