(ព្រះសីហនុ)៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងនៅ៣ករណីផ្សេងគ្នា ក្នុងនោះរួមមាន៖

*ករណីទី១៖ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ ហេង ពត អាយុ៣៦ឆ្នាំ និងទី២៖ឈ្មោះ ខ្មៅ ង៉ន អាយុ៣១ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ធំ, ថ្នាំWY ចំនួន៥៧គ្រាប់ និងទូរស័ព្ទ១គ្រឿង។

*ករណីទី២៖ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ ខឹម សុភ័ក្រ អាយុ៣៧ឆ្នាំ និងទី២៖ឈ្មោះ ស៊ឹង ធន់ អាយុ៣៩ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ ដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ ,ថ្នាំWY ចំនួន១២៥គ្រាប់ និងទូរស័ព្ទដៃ៣គ្រឿង។

*ករណីទី៣៖ នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហេង រុន អាយុ២៧ឆ្នាំ និងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន៦កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា នៅថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ សមត្ថកិច្ចក៏បានបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាមួយផងដែរ ដោយជនបង្កជាប្ដី បានយកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ខណៈមូលហេតុ មកពីរស់នៅមិនចុះចម្រុងនឹងគ្នា។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កៅ ដារា អាយុ៣២ឆ្នាំ និងជនរងគ្រោះជាប្រពន្ធឈ្មោះ រឹម សាខន អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូ។ ជនដៃដល់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕