(ស្វាយរៀង)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់កុំព្យូរទ័រ និងម៉ាស៉ីនព្រីន ដល់រដ្ឋបាលខេត្តស្វាយរៀង។

លោកស្រីថ្លែងអំណរគុណបែបនេះ ក្នុងពិធីប្រគល់ និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៉ីនព្រីន ដែលជាអំណោយរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានផ្តាំផ្ញើឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារទាំងនេះហើយ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩។

លោកស្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលទេសៈដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារប្រើប្រាស់ក្នុងការិយាល័យជាដើម។

លោកស្រីក៏បានថ្លែងអំណរគុណដល់ លោក ហោ ណាំហុង ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលគ្រប់បែបយ៉ាង តាមរយៈស្ថានទូតចិន ក្នុងការផ្គត់ផ្គង់ នូសម្ភារទាំងនេះដល់រដ្ឋបាលខេត្តស្វាយរៀង៕