(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ឋនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ១៩ នៅប្លុកបុរីពិភពថ្មីទី២ ស្ថិតនៅភូមិត្រពាំង៤ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ទីតាំងបុរីពិភពថ្មី២ ដែលត្រូវបាញ់ថ្នាំសម្លាប់មេរោគ គឺមានផ្ទះចំនួន ២៥០០ល្វែង និងមានប្រជាជនរស់នៅជិត ៣០០០គ្រួសារ។

ទីតាំងនេះត្រូវបានទទួលរងលិចដោយសារជំនន់ទឹកភ្លៀងកាលពីរដូវវស្សា ហើយប្រជាពលរដ្ឋនៅទីនេះមានការព្រួយបារម្មណ៍ខ្លាចមានមេរោគដែលបន្សល់ទុកដោយសារការជន់លិចទឹកភ្លៀងកន្លងមក ក៏បានស្នើមកអាជ្ញាធរសង្កាត់ ដើម្បីស្នើសុំក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ចៀសវាងបង្កទៅជាជម្ងឺផ្សេងៗ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកចៅសង្កាត់បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សោម អូន ដែលបានដឹកនាំក្រុមការងារ ចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅមូលដ្ឋានរបស់លោក ដើម្បីការពារសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែព្រួយបារម្មណ៍អំពីការឆ្លងជម្ងឺផ្សេងៗ ជាពិសេជំងឺកូវីដ១៩។

លោក សោម អូន បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបាននូវសំណើពីអាជ្ញាធរសង្កាត់ចោមចៅទី១ លោកក៏បានរៀបចំក្រុមការងារចុះមកអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅក្នុងមូលដ្ឋានខាងលើ។ លោកបញ្ជាក់ថា ក្រុមស្ម័គ្រចិត្តរបស់លោកនៅតែបន្តធ្វើយុទ្ធនាការគ្រប់ទីកន្លែង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

លោក សោម អូន បានបន្ថែមថា ដោយសារតែប្រមុខដឹកនាំមានវិធានការ និងចំណាត់ការច្បាស់លាស់ទាន់ពេលវេលា ប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ជាមួយនេះដែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងស្វែងរកការបញ្ជាទិញថ្នាំវ៉ាក់សាំងពីបរទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែទោះយ៉ាង ណាក៏ដោយនៅក្នុងអន្តរកាលមិនទាន់មានថ្នាំវ៉ាក់សាំង គឺសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំធ្វេសប្រហែសឲ្យសោះ ពីព្រោះជម្ងឺកាចសាហាវនេះវាអាចនឹងផ្ទុះឡើងគ្រប់ពេលវេលា។

លោក សោម អូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ដែលចាំបាច់ត្រូវរស់នៅក្នុងទម្លាប់ថ្មី គឺពាក់ម៉ាស លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព៕