(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានពលករខ្មែរ៥២នាក់ ដែលនាំគ្នាបោះជំរុំក្នុងព្រៃតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្លងឆ្លងដែនចូលក្នុងទឹកដីថៃរកការងារធ្វើដោយមិនខ្លាចជំងឺកូវីដ-១៩នោះ ត្រូវបានកម្លាំងយោធាការពារ ព្រំដែនថៃលេខ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្តស្រះកែវ បានឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាពលករខ្មែរទាំងអស់នេះ បានលបឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាត។

ការឃាត់ខ្លួនពលករខ្មែរទាំងននេះនៅព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងព្រៃដែលជាតំបន់ឧទ្យានជាតិប៉ាស្ងួន ដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្តលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណង អនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងយាយីយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះ បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកខ្យូង ខេត្តស្រះកែវ ដើម្បីពិនិត្យ។

បើតាមសមត្ថកិច្ចថៃ បានបញ្ជាក់ប្រាប់សមត្ថកិច្ចខ្មែរឱ្យដឹងថា ការបោះជំរុំនោះមានពលករ៥២នាក់ ក្នុងនោះស្រី២៤ ប្រុស២១ និងក្មេងតូចៗ ចំនួន៧នាក់ ហើយបានបញ្ជូនមកឱ្យសមត្ថកិច្ចខ្មែរ ដើម្បីចាត់ការបន្ត។
សមត្ថកិច្ចខ្មែរ បានប្រាប់ឱ្យដឹងថា ពលករទាំង៥២នាក់ ត្រូវបានក្រុមមន្ត្រីសុខាភិបាលស្រុកត្រូតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាស់កម្តៅ តែគ្មាននរណាម្នាក់ មានកម្តៅខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។

បន្ទាប់ពីបានសាកសួរពលករ បាននិយាយថា គឺមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលួចឆ្លងដែនចូលតាមច្រករបៀង ដើម្បីស្វែងទៅរកការងារកសិកម្មធ្វើក្នុងស្រុកគោកខ្យូង និងស្រុកក្បែខាង ដោយបានកម្រៃក្នុង ១ថ្ងៃ គឺម្នាក់ចាប់ពី២០០ ទៅ៣០០បាត ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ។

ពលករខ្មែរទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងតំបន់បញ្ជូនតាមរថយន្តយកទៅកន្លែងត្រួតពិនិត្យវាសកំដៅ និងចក្តាឡីស័កទុករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល៕